គុនខ្មែរ៤រូបប្រកួតម៉ារ៉ាតុនដណ្តើមខ្សែក្រវាត់ WLC
ក្រៅពីការប្រកួតដណ្តើមខ្សែក្រវាត់រវាងកីឡាករ ម៉ឺន មេឃា និង Antonio ក្នុងនោះអ្នកប្រដាល់គុនខ្មែរចំនួន៤រូបនឹងធ្វើការប្រកួតលក្ខណៈម៉ារ៉ាតុនលើប្រភេទទម្ងន់ ៦៣.៥ គីឡូក្រាមដើម្បីដណ្តើមខ្សែក្រវាត់ WLC -World Lethwei Championshipដែលរៀបចំឡើងនៅទឹកដីកម្ពុជាជាលើកដំបូងនាថ្ងៃទី ០៣ ខែ មេសា ឆ្នាំ ២០២០ នាពហុកីឡដ្ជានជាតិអូឡាំពិកកម្ពុជា ។
លោក ហ៊ុន ចាន់រាជ ដែលជាអនុប្រធានរៀបចំការប្រកួត WLC បានប្រាប់ MSR SPORT ថា ការប្រកួតដណ្តើមខ្សែក្រវាត់ WLC មានពីរក្នុងនោះ ម៉ឺន មេឃា ប្រកួតដណ្តើមខ្សែក្រវាត់ WLC World Championship ពីកីឡាករទ័រទុយហ្គាល់ និងមួយខ្សែក្រវាត់ទៀតគឺលក្ខណៈម៉ារ៉ាតុនដែលមានកីឡាករគុនខ្មែរបួនរូបត្រូវប្រកួតប៉ះគ្នាហើយឡើងវគ្គផ្តាច់ព្រ័ត្រយកខ្សែក្រវាត់ក្នុងថ្ងៃនោះតែម្តង ។
សម្រាប់ការប្រកួតលក្ខណៈម៉ារ៉ាតុននឹងធ្វើការចាប់ឆ្នោតរកដៃគូរបស់ពួកគេក្នុងជុំទី១ នាថ្ងៃសន្និសីតកាសែតមុនការប្រកួតឈានចូលមកដល់ ។ សូមបញ្ជាក់ថា នេះជាលើកដំបូងហើយដែលកម្មវិធីរបស់មីយ៉ាន់ម៉ា WLC បានមកធ្វើឡើងនៅទឹកដីកម្ពុជា ដោយក្នុងនោះការប្រកួតនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីម៉ោង ៥ល្ងាច ហើយក៏ការលក់សំបុត្រផងដែរ សម្រាប់ការផ្សាយផ្ទាល់មានទូរទស្សន៍ បាយ័ន ជាដៃគូ ៕