បាទីបង្ហាញខ្លួន ៣ ប្រកួតមិនទាន់មានគ្រាប់បាល់ដោយសារគ្មាន សៀង ចន្ធា មែនទេ?
នៅក្នុងការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០២០នេះ ក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ នៅមិនទាន់អាចទម្លុះសំណាញ់ទីគូប្រកួតបានទេ ក្នុងការបង្ហាញខ្លួន ៣ប្រកួត កន្លងមកនេះ ដោយសារគ្មានខ្សែប្រយុទ្ធ សៀង ចន្ធា ឫក៏យ៉ាងណា។
ដូចដែលទស្សនិកជន នឹងអ្នកស្នេហាវិស័យកីឡាបាល់ទាត់បានធ្វើងឿងឆ្ងល់ពាក់ព័ន្ធជាមួយក្រុម យុវជនបាទី ដែលបានប្រកួត ៣លើក មិនទាត់ចូលសូម្បី ១គ្រាប់ ពោលគឺ ស្មើគ្នាជាមួយ ក្រុមកងយោធពលខេមរភូមិន្ទ ០ទល់០ ហើយក៏បានបរាជ័យក្រោមថ្វីជើងក្រុមកំពុងឡើងខ្លាំង ភ្នំពេញក្រោន ០ទល់៧ និងបានចាញ់ក្រុម អគ្គិសនីកម្ពុជា ដោយលទ្ធផល ៣ទល់០ ។ អ្នកគាំទ្រមួយចំនួនបានលើកឡើងថា ដោយសារតែការចាកចេញរបស់ខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា ដែលបានទៅចូលរួមជាមួយ បឹងកេត ខណៈដែល រកបាន ២គ្រាប់ផងដែរជាមួយក្លិបថ្មី ចំណែកការចាកចេញគឺដោយសារតែកីឡាករជម្រើសជាតិរូបនេះបានបញ្ចប់ការសិក្សាថ្នាក់ទី១២ ។
គួរបញ្ជាក់ផងដែរថា ក្រុមសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ឆ្នាំ នឹងត្រូវធ្វើការប្រកួតជាមួយក្រុមម្ចាស់ផ្ទះ អាសុីអឺរ៉ុប យូណាយធីន នាសប្តាហ៍ទី៥ នៃលីគកំពូលកម្ពុជា នៅវេលាម៉ោង ៣:៣០ នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ លើទីលានកីឡដ្ឋាន AEU SPORT PARK។