យន្តហោះដឹកអ្នកគាំទ្រក្រុម Man Utd ទៅកាន់ប្រទេស អូទ្រីស ត្រូវបង្ខំចិត្តចុះចតជាបន្ទាន់ដោយសារបញ្ហាម៉ាស៊ីន
(BC-99)
បើទោះបីជាមានការហាមប្រាមមិនអោយប្រិយ៍មិត្តចូលទៅទស្សនាការប្រកួតរវាងក្រុម LASK និង Manchester United នៅក្នុងការប្រកួតពានរង្វាន់ UEFA EUROPA League វគ្គ ១៦ ក្រុមជើងទី១ក៏ដោយ ក៏ប្រិយ៍មិត្តបិសាចក្រហមនៅតែចចែសធ្វើដំណើរទៅកាន់ប្រទេស អូទ្រីស ដើម្បីទៅតាមលើកទឹកចិត្តក្រុមដែលខ្លួនស្រឡាញ់ដែរ។
ហើយពួកគេបានប្រថុយនឹងគ្រោះថ្នាក់ដល់ជីវិតក្នុងខណៈពេលដែលជើងហោះហើរដែលពួកគេបានជិះត្រូវបង្ខំចិត្តបកក្រោយចុះចតភ្លាមៗនៅអាកាសយានដ្ឋានក្រុង Frankfurt ប្រទេស អាឡឺម៉ង់ ដោយសារតែមានសញ្ញាព្រមានអោយដឹងអំពីបញ្ហាម៉ាស៊ីន។ អ្នកដំណើរទាំងឡាយត្រូវបានចំណាយពេលមួយយប់ដើម្បីស្នាក់នៅក្នុងអាកាសយានដ្ឋានមួយនេះទម្រាំមានជើងហោះហើរផ្សេងទៀតដែលអាចបញ្ជូនពួកគេទៅកាន់គោលដៅ។
បើតាមការអោយដឹងពីអ្នកសារព័ត៌មានម្នាក់ដែលឋិតក្នុងហេតុការណ៍នោះបាននិយាយអោយដឹងថា នៅពេលដែលយន្តហោះបានចាកចេញពីក្រុង Manchester ពួកគេត្រូវប្តូរជើងហោះហើរនៅ Frankfurt ប្រទេស អាឡឺម៉ង់។ តែការហោះចេញពី Frankfurt ដល់កំពស់អតិបរមា ស្រាប់តែគេបានឮសម្លេងប្រកាសអាសន្ននិងភ្លើងពណ៌ទឹកក្រូចដែលបញ្ជាក់ពីម៉ាស៊ីនមួយមិនដំណើរការ។ ក្រោមការភិតភ័យរបស់អ្នកដំណើរទាំងអស់ថានឹងអាចមានគ្រោះថ្នាក់ដល់ជីវិតនោះ អ្នកបើកបរយន្តហោះក៏បានប្រើជំនាញរបស់ខ្លួនដើម្បីហោះបកក្រោយត្រឡប់ទៅចុះចតនៅអាកាសយានដ្ឋានដដែលនោះវិញបានដោយជោគជ័យ។
បើទោះជាមានសំណាងរួចពីគ្រោះថ្នាក់ជាយថាហេតុនេះក៏ដោយ ក៏ក្រុមអ្នកគាំទ្រទាំងនេះមិនត្រឡប់ទៅកាន់ប្រទេស អង់គ្លេស វិញឡើយ។ នៅទីបំផុតគេបានទៅដល់ទីក្រុង Linz ដែលជាទឹកដីរបស់ក្រុម LASK បានសម្រេចហើយ ហើយនឹងជួយលើកទឹកចិត្តដល់ក្រុមរបស់ខ្លួននៅក្រៅទីលានតាមការគ្រោងទុកទៀតផង។ ក៏មានការព្រមានបន្ថែមដល់ពួកអ្នកស្មោះស្ម័គ្រទាំងអស់នេះផងដែរអោយប្រយ័ត្នខ្លួនពីជំងឺឆ្លងទាន់សម័យ Covid19 ដែរ។