ខ្សែប្រយុទ្ធចំណូលថ្មី រកគ្រាប់បាល់ជួយទ័ព តាមស្មើ ណាហ្គាវើលដ៍
ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល២០២០ ជុំទី២ ក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ ហៅកាត់ទ័ព បានត្រឹមស្មើគ្នាជាមួយ ក្រុមភ្ញៀវ ណាហ្គាវើលដ៍ ក្នុងលទ្ធផល ១ ទល់ ១ នាកីឡដ្ឋានស្តាតចាស់ នៅមុននេះបន្តិច។
នៅក្នុងជំនួបដ៏តានតឹងនេះ មិនមានក្រុមណាអាចរកគ្រាប់បាល់បានឡើយនៅ ៤៥ នាទីដំបូង នាវគ្គទី១ ។ ក្រុមទាំងពីប្រឹងប្រែងសម្រុកគ្នាយ៉ាងខ្លាំងដើម្បីស្វែងរកជ័យជម្នះ រហូតក្រុមភ្ញៀវ បាននាំមុខមុន នៅនាទី ៦៨ ដែលធ្វើបានសម្រេចដោយកីឡាករ Oliveira ។ ប៉ុន្តែម្ចាស់ផ្ទះព្យាយាមវាយបកយ៉ាងខ្លាំង ហើយរកបានស្មើមកវិញនៅនាទី ៧៣ ខណៈដែលខ្សែប្រយុទ្ធចំណូលថ្មីខ្ចីពី អង្គរថាយហ្គឺរ Cristiano ហើយលទ្ធផល ១ ទល់ ១ នេះរក្សាដល់ចប់ការប្រកួត។
ដូច្នេះហើយ ការប្រកួតលើកដំបូងនាជុំទី២នេះ កងយោធពលខេមរភូមិន្ទ និងក្រុមណាហ្គាវើលដ៍ ចែកគ្នាម្នាក់មួយពិន្ទុ ធ្វើអោយឱកាសដណ្តើមពានលីគរបស់ក្រុមទាំងពីរកាន់តែឆ្ងាយ ស្របពេលដែលនៅសល់ត្រឹម ៤ ប្រកួតទៀតប៉ុណ្ណោះត្រូវបញ្ចប់រដូវកាល៕