ហ៊ុន ចាន់រាជ បញ្ជាក់ការមកដល់របស់កូនខ្មែរម្ចាស់ខ្សែក្រវាត់ WBC
កូនខ្មែរកាត់អាមេរិក អេរិក ប៉ែន ដែលជាម្ចាស់ខ្សែក្រវាត់ WBA ASIA South បានមកដល់ទឹកដីកម្ពុជាហើយដោយបានបង្ហាញមុខជាមួយលោក ហ៊ុន ចាន់រាជ ដែលជារដ្ឋលេខាធិការសហព័ន្ធយុទ្ធគុនចម្រុះកម្ពុជា នាក្លិប Cambodian Top Team ។
លោក ហ៊ុន ចាន់រាជ បានប្រាប់ MSR SPORT ថា សម្រាប់ការមកដល់របស់កូនខ្មែររស់នៅសហរដ្ឋអាមេរិក នេះគឺដើម្បីសហការជាមួយខាងកម្ពុជាក្នុងការនាំប្រដាល់សកលកម្ពុជាអោយមានភាពល្បីល្បាញនិងប្រកួត ប្រជែងលើឆាកអន្តរជាតិបាន ។ ប្រតិភូដឹកនាំកីឡាករខ្មែរប្រកួតក្រៅប្រទេសបានបន្ថែមថា អេរិក ប៉ែន ជាម្ចាស់ខ្សែក្រវាត់ WBC ដែលជាស្ថាប័នគេទទួលស្គាល់ ដូចនេះហើយលោករំពឹកថាគេនឹងជួយកីឡាករខ្មែរបាន ច្រើននិងប្រកួតលើឆាកអន្តរជាតិតំណាងអោយខ្មែរនិងត្រៀមចុះឈ្មោះចូលក្នុងសហព័ន្ធយុទ្ធគុនចម្រុះកម្ពុជាផងដែរ ។
Eric បានចាប់ផ្តើមហ្វឹកហាត់នៅក្លិប Saigon Sports Club នៅឆ្នាំ២០១៤ ហើយចាប់ផ្តើមប្រឡូកក្នុងអាជីពប្រដាល់នៅខែសីហា ឆ្នាំ២០១៨ ដោយមានប្រវត្តិឈ្នះទាំងពីរប្រកួតដំបូងរបស់ខ្លួន មុនដណ្តើមបានជើងឯក WBA ASIA South Heavyweight លើកីឡាករឥណ្ឌូនេស៊ី Satria Antasena នៅក្នុងទឹកទី១ នៅសង្វៀនក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។ ។
ជ័យជម្នះពីរលើកដំបូងកន្លងមករបស់ Eric គឺយកឈ្នះកីឡាករថៃ Rewat Khanom នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ និងឈ្នះកីឡាករ Kacha Srikong នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅសង្វៀន Ram 100 Thai Boxing Stadium ក្នុងក្រុងបាងកក ប្រទេសថៃ ។
កីឡាករ Eric Pieroun Pen (អេរិក ប៉ែន) កើតនៅថ្ងៃទី៦ ខែសីហា ឆ្នាំ១៩៩២ នៅក្រុង San Jose រដ្ឋ Californa សហរដ្ឋអាមេរិក មានម្តាយជាអ្នកខេត្តកំពត។ មិនមានការបង្ហើបពីអត្តសញ្ញាណរបស់ឪពុកឡើយ ដោយផ្អែកតាមប្រវត្តិរូប ឪពុករបស់គេបានចេញពីគ្រួសារ នៅពេលដែលគេមានអាយុ១០ឆ្នាំ ៕