នរណាជានិមិត្តរូបរបស់ វង្ស វិឆ័យ? តើ វង្ស វិឆ័យ អាចប្រកួតឈ្នះ រឿង សោភ័ណ្ឌ បានអត់?
នៅចុងសប្តាហ៍ថ្ងៃសៅរ៍ពេលរសៀលខាងមុននេះអ្នកប្រដាល់គុនខ្មែរជួរមុខ២រូបត្រូវប្រកួតដណ្តើមប្រាក់ ហើយក្នុងនោះត្រូវបានមជ្ឈដ្ឋានអ្នកគាំទ្រគុនខ្មែរជាច្រើនយល់ថា ការប្រកួតរបស់គុនខ្មែរទាំង២រូបនេះពិតជាកក្រើកនិងជក់ចិត្ត ដែលជាការជួបគ្នារវាង រឿង សោភ័ណ្ឌ និង វង្ស វិឆ័យ។ ព្រោះថា កន្លងមកគុនខ្មែរទាំង២រូបមិនដែលមានប្រវត្តិប្រកួតដណ្តើមប្រាក់លានជាមួយគ្នាម្តងណាឡើយ ហើយស្របពេលដែលមួយរយៈនេះ រឿង សោភ័ណ្ឌ រាងធ្លាក់ប្រជាប្រិយ៍បន្តិច ដោយសារប្រកួតជាមួយគុនខ្មែរគ្នាឯងមិនសូវប្រកួតអស់សមត្ថិភាពដូចដែលប្រកួតជាមួយកីឡាករបរទេស។
បើនិយាយអំពី វង្ស វិឆ័យ វិញ បទពិសោធន៍លើសង្វៀនហាក់បីដូចជាក្មេងខ្ចីសម្រាប់រូបគេណាស់ បើប្រៀបធៀបជាមួយ រឿង សោភ័ណ្ឌ ក៏ប៉ុន្តែទោះបីជារលកក្រោយនៃគុនខ្មែរពិត តែក៏អាចមានលទ្ធភាពប្រកួតដណ្តើមបានខ្សែក្រវ៉ាត់ ពិសេសធ្លាប់ប្រកួតឈ្នះចាញ់ជាមួយ ឡុង សុភី ខណៈដែល ឡុង សុភី ក៏ធ្លាប់ប្រកួតឈ្នះចាញ់ជាមួយ រឿង សោភ័ណ្ឌ ដូចគ្នា។ វង្ស វិឆ័យ ធ្លាប់ប្រាប់ MSR SPORT ឲ្យដឹងថា៖ ទោះបីជារូបគេចាប់ផ្តើមចូលហ្វឹកហាត់គុនខ្មែររាងអាយុច្រើនបន្តិច ប៉ុន្តែដោយសារអំណោយផលពីធម្មជាតិទើបអាចធ្វើឲ្យរូបគេអាចឆាប់អាជីពគុនខ្មែរបានលឿនរហ័សបែបនេះ។ វិឆ័យ ក៏បានប្រាប់អោយដឹងបន្ថែមទៀតថា តាមពិតក្នុងចំណោមគុនខ្មែរខ្លាំងៗជាច្រើន កីឡាករដែលរូបគេពេញចិត្តពីមុននិងចាត់ទុកជានិមិត្តរូបរបស់ខ្លួនគឺ ឡុង សុភី ដូច្នេះហើយទើបក្បាច់របស់ កូនសិស្សនៅក្លិបឆ័ត្រយោង៩១១មានភាពស្រដៀងគ្នានិង ឡុង សុភី៕