
សុខ ធី (កាកា) អាចនឹងមានឈ្មោះទៅស៊ីហ្គេមនាឆ្នាំក្រោយ
ការចូលរួមក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ជាឱកាសមួយសម្រាប់អ្នកប្រដាល់គុនខ្មែរ សុខ ធី ហៅ កាកា ដែលអាចនឹងមានមុខតំណាងអោយកម្ពុជាក្នុងការចូលរួមព្រឹត្តិការណ៍ ស៊ីហ្គេមលើវិញ្ញាសារគុន នាឆ្នាំ២០១៩ដែលធ្វើឡើងនៅប្រទេសហ្វីលីពីន ។
មូលហេតុដែលគេអាចបានទៅស៊ីហ្គេម ព្រោះសហព័ន្ធគុនខ្មែរបានបញ្ជាក់ថាកីឡាករដែល មានឈ្មោះក្នុងក្រុមជម្រើសជាតិគុនខ្មែរលុះត្រាតែចូលរួមប្រកួតកីឡាជាតិ រឺ ប្រកួតក្នុងកីឡា ជម្រើសថ្នាក់ជាតិទទួលបានមេដាយមាស ។
ឆ្នាំនេះជាលើកទីមួយសម្រាប់ សុខ ធី ដែលបានចូលរួមប្រកួតកីឡាជាតិដោយរូបគេ ជា កីឡាករតំណាងអោយខេត្តបន្ទាយមានជ័យលើវិញ្ញាសារប្រដាល់គុនខ្មែរប្រភេទទម្ងន់៥៧ គីឡូក្រាម ដូចនេះមានន័យថាបើគេទទួលបានមេដាយមាសអ្នកប្រដាល់មកពីជាយដែន រូបនេះនឹងត្រូវកោះហៅចូលរួមជាមួយក្រុមជម្រើសជាតិគុនខ្មែរ ។
បច្ចុប្បន្នកីឡាករជម្រើសជាតិគុនខ្មែរដែលហ្វឹកហាត់ត្រៀមព្រឹត្តិការណ៍ផ្សេងៗមាន៨រូប ក្នុងនោះមាន ម្ចាស់មេដាយមាសថ្នាក់ជាតិឆ្នាំ២០០៧ ធឿន ធារ៉ា, ឡៅ ចន្ទ្រា , សែម ណាង និង ហ៊ីម សេរី ខណៈម្ចាស់មេដាយស៊ីហ្គេម ឃីម ឌីម៉ា (មាស) ម៉ឺន សុភា (ប្រាក់) ឡៅ ចិត្រា (សំរឹទ្ធិ) និង វាន់ វឿន (សំរឹទ្ធី) ។
លោក អេ ភូថង គ្រូបង្វឹកជម្រើសជាតិគុនខ្មែរធ្លាប់បញ្ជាក់ថា កីឡាករទាំង៨រូបនេះអាច នឹងមានការ ផ្លាស់ប្តូរក្រោយប្រកួតកីឡាករជាតិ រឺ ថ្នាក់ជាតិបានបញ្ចប់ហើយសមត្ថភាព ធ្លាក់ចុះ រឺមិនបានមេដាយមាស ដើម្បីកោះហៅថ្នាក់ថ្មីដែលបានមេដាយមាស មកជំនួសរឺបន្ថែម ។
សូមបញ្ជាក់ថា កីឡាជាតិលើកទីពីរ វិញ្ញាសារប្រដាល់គុនខ្មែរនឹងចាប់ផ្តើមប្រកួតពីថ្ងៃទី ៣០ ដល់ ៣១ ខែ ឧសភា នាកីឡដ្ឋានមរតកតេជោ ៕