មកស្គាល់ អ្នកដឹកនាំខ្មែរ៥រូប ដែលយកកីឡាករគុនខ្មែរចេញទៅប្រកួតក្រៅស្រុក
ពិតណាស់ទស្សនិកជនទាំងអស់គ្នាតែងតែឃើញកីឡាករគុនខ្មែរចេញទៅប្រកួតក្រៅស្រុក តែមិនដឹងថាពួកគាត់ទាំងនោះចេញទៅប្រកួតដោយខ្លួនឯង រឺក៏ទៅតាមអ្នកនោះទេ ជាក់ស្តែងថ្ងៃនេះ MSR សូមបង្ហាញទស្សនិកជនទាំងអស់គ្នាឲ្យមកស្គាល់ អ្នកដឹកនាំដែលតែងតែយកកីឡាករកម្ពុជាចេញទៅប្រកួតក្រៅស្រុកចំនួន៥រូប ដែលពួកគាត់ទាំងនេះជារឿយៗដឹកនាំគុនខ្មែរចេញទៅប្រកួតនៅក្រៅស្រុក។
ទី១គឺលោកគ្រូ ហ៊ុន ចាន់រាជ លោកគ្រូគឺជាខ្មែរអនិកជនម្នាក់ដែលបានមករស់នៅប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ ហើយលោកគ្រូក៏បាននាំយកក្បាច់គុនចម្រុះ MMA បង្ហាត់ដល់កីឡាករកម្ពុជាតាមរយៈលោកគ្រូ ម៉ា សេរី គ្រាដែល MYTV ប្រកួតកម្មវិធី KWC ( Kun Khmer Warriors of Champions) បច្ចុប្បន្ននេះលោក ហ៊ុន ចាន់រាជ បានបើកក្លឹប្រដាល់មួយក្នុងរាជធានីភ្នំពេញដោយបានដាក់ឈ្មោះថា Cambodia Top Team។ លោក ហ៊ុន ចាន់រាជ ត្រូវបានអ្នកស្នេហាវិស័យគុនខ្មែរជាច្រើនស្គាល់តាមរយៈការយកកីឡាករគុនខ្មែរចេញទៅប្រកួតនៅក្រៅស្រុកក្នុងកម្មវិធីធំៗជាច្រើន ដូចជា: One Champions , WLC (សង្វៀននៅភូមា) ការប្រកួតMMA សង្វៀនឯកជននៅប្រទេសថៃ និងចុងក្រោយនេះគឺកម្មវិធីកំពុងពេញនិយមនៅប្រទេសថៃ Super Champ និង MX Muay Xtreme ។ល។
ទី២គឺលោកគ្រូ ថៃ អ៊ូ គឺអ្នកគាំទ្រគុនខ្មែរស្គាល់ច្បាស់ជាងគេ ព្រោះគាត់ធ្លាប់មានឈ្មោះបោះសំលេងតាមរយៈយកកីឡាករថៃមកប្រកួតនៅសង្វៀនស្រុកខ្មែរជាច្រើនឆ្នាំមកហើយ។ ហើយលោកក៏ត្រូវបានអ្នករៀបចំការប្រកួតនៅសង្វៀនប្រទេសថៃជាច្រើនក៏ស្គាល់ផងដែរ ដូច្នេះហើយទើបសព្វថ្ងៃនេះលោកគឺជាអ្នកដឹកនាំកីឡាករថៃមកប្រកួតនៅក្នុងស្រុកផងនិងក្រៅស្រុកផង តែភាគច្រើននៅស្រុកថៃនិងខ្មែរប៉ុណ្ណោះ។
ទី៣លោក ស្រ៊ឺន ស្រេង ហៅ សំណព្វ ៖ លោក សំណព្វ គឺជាអ្នកប្រធានរៀបចំកីឡានៅ PNN និង ព័ត៌មានលើអ៊ិនធើណេតគឺឈ្មោះថា កីឡាដេលី។ ទើបតែមួយឆ្នាំចុងក្រោយនេះទេ ដែលលោកចាប់ផ្តើមចាប់អាជីពមួយទៀតគឺជា អ្នកដឹកនាំកីឡាករគុនខ្មែរទៅប្រកួតនៅក្រៅស្រុក ភាគច្រើននៅក្នុងកម្មវិធី Super Champ របស់ប្រទេសថៃ។
ទី៤គឺលោកគ្រូ ជា រិទ្ធ បច្ចុប្បន្នលោកគឺជាគ្រូបង្ហាត់នៅសាលាគុន គុហាព្រហ្មជ័យ នៅខេត្តសៀមរាប តាមពិតទៅលោកមិនស្រូវមានទំនាក់ច្រើននៅក្រៅស្រុកប៉ុន្មាននោះទេ តែមួយរយៈក្រោយនេះគេធ្លាប់ឃើញលោកដឹកនាំសិស្សខ្លួនឯងចេញទៅប្រកួតនៅកម្មវិធី One Champions និងនៅកម្មវិធី Super Champ តែយូរៗទើបឃើញមានម្តង ។
ចុងក្រោយទី៥នេះគឺលោកគ្រូ អេ ភូថង តាមពិតលោកក៏មានទំនាក់ទំនង់ច្រើនជានិងជនជាតិថៃដែរ ព្រោះលោកធ្លាប់ទៅប្រកួតនៅប្រទេសថៃតាំងដើមមកម្លេះ ម្យ៉ាងវិញទៀតទឹកដីខេត្តកោះកុងក៏ជាទឹកដីជាយដែនជាប់នឹងប្រទេសថៃផងដែរ ជាងកន្លះឆ្នាំមុន គឺបានឃើញលោក អេ ភូថង បានដឹកនាំទ័ពគុនខ្មែរ៥រូបទៅប្រកួតដណ្តើមពានរង្វាន់មិត្តភាពជាមួយថៃ ៥ទល់៥ ក្នុងកម្មវិធី Super Champ ហើយក្រោយមកទៀតក៏មានដែលឃើញទៀតដែរ។