អេរិក ប៉ែន កូនខ្មែរម្ចាស់ខ្សែក្រវាត់ WBA បកស្រាយរឿងដាក់ទង់ជាតិខ្មែរនិងវៀតណាម
កូនខ្មែរកាត់អាមេរិក អេរិក ប៉ែន ដែលជាម្ចាស់ខ្សែក្រវាត់ WBA ASIA South ដោយប្រកួតឈ្នះកីឡាករឥណ្ឌូនេស៊ី នាប្រទេស វៀតណាម បានបកស្រាយចំពោះការប្រើទង់ជាតិពីរគឺ ខ្មែរ និង វៀតណាម នៅលើអាវនិងខោរបស់គេ ក្នុងអំឡុងរូបគេផ្តួលដៃគូសន្លប់ទឹកទី១ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់នោះ ។
កីឡាករដែលមានម្តាយជាអ្នករស់នៅខេត្តកំពតបានប្រាប់ MSR SPORT ថា រូបគេជាខ្មែរ១០០ភាគរយមិនមានជាប់ឈាមជ័រ ជាជនជាតិវៀតណាមនោះទេ ហើយរូបគេសុំទោសចំពោះការប្រើទង់ជាតិវៀតណាមធ្វើអោយបងប្អូនយល់ច្រឡំ ។ លោក បន្ថែមថា ការប្រើទង់ជាតិវៀតណាមគឺគេដាក់ដើម្បីគោរពដល់ក្លិបរបស់គេដែលមានទីតាំងក្នុងប្រទេសវៀតណាម ហើយជាកន្លែងដែលគេហាត់តាំងដំបូងរហូតក្លាយជាកីឡាករសកលអាជីពក្នុងឆ្នាំ២០១៨ ។
អេរិក បានចាប់ផ្តើមហ្វឹកហាត់នៅក្លិប Saigon Sports Club នៅឆ្នាំ២០១៤ ហើយចាប់ផ្តើមប្រឡូកក្នុងអាជីពប្រដាល់នៅខែសីហា ឆ្នាំ២០១៨ ដោយមានប្រវត្តិឈ្នះទាំងពីរប្រកួតដំបូងរបស់ខ្លួន មុនដណ្តើមបានជើងឯក WBA ASIA South Heavyweight លើកីឡាករឥណ្ឌូនេស៊ី Satria Antasena នៅក្នុងទឹកទី១ នៅសង្វៀនក្រុងហូជីមិញ ប្រទេសវៀតណាម កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩ ។
អេរិក ប៉ែន ទើបតែបានមកដល់ទឹកដីកម្ពុជាកាលពីពេលថ្មីៗនេះដើម្បីជួយដល់វិស័យប្រដាល់សកលកម្ពុជានិងចុះឈ្មោះ ជាកីឡាកររបស់សហព័ន្ធកម្ពុជាផ្លូវការណ៍ដើម្បីប្រកួតតំណាងកម្ពុជាលើឆាកអន្តរជាតិ ៕