យ៉េន ឌីណា ថាបើឱកាសល្អនឹងផ្តាច់ យ៉តកុសុន ផ្ញើជូន ម៉ឺន មេឃា
ក្នុងសប្តាហ៍ថ្ងៃសៅរ៍ នេះអ្នកប្រដាល់គុនខ្មែរ យ៉េន ឌីណា នឹងចូលខ្លួនមកប្រកួតជាមួយកីឡាករថៃ យ៉តកុសុន ដែលធ្លាប់ផ្តួលសិស្សប្អូនរបស់គេគឺកីឡាករ ម៉ឺន មេឃា អោយសន្លប់ក្នុងទឹកទី៤ នាសង្វៀន ខារ៉ាបាវ ដណ្តើមប្រាក់លាន ។
អ្នកប្រដាល់ខេត្តកោះកុង បានស្វែងយល់ពីក្បាច់កីឡាករថៃបានច្រើនរួចមកហើយ ពោលអ្វីដែលគេមើលឃើញគឺល្អជង្គង់ និងមានកម្ពស់ខ្ពស់ពិបាកក្នុងការវាយ ។ កូនសិស្សរបស់លោក អេ ភូថង បន្ថែមថារូបគេនឹងព្យាយាមរកវិធីសាស្ត្រយកឈ្នះលើកីឡាករថៃម្នាក់នេះអោយបាន ដើម្បីសងសឹកជូនកីឡាករ ម៉ឺន មេឃា ដែលធ្លាប់ចាញ់ ។
គួររំលឹកថា កីឡាករថៃ យ៉តកុសុន មកប្រកួតស្រុកខ្មែរចាញ់តែកីឡាករ ឡៅ ចិត្រា ម្នាក់គត់ ខណៈធ្លាប់ឈ្នះ សួន ចាន់នី និង ឡុង សំណាង ។ ចំណែក យ៉េន ឌីណា មួយរយៈចុងក្រោយនេះរូបគេប្រកួតមិនដែលចាញ់នោះទេ ដោយប្រកួតចុងក្រោយនៅសង្វៀន CBS រូបគេផ្តួលកីឡាករថៃ ក្រៀងក្រៃ ត្រឹមទឹកទី៤ ។
សូមបញ្ជាក់ថា ការប្រកួតរវាង យ៉េន ឌីណា និង យ៉តកុសុន នឹងធ្វើឡើងនៅថ្ងៃទី ២២ ខែ កុម្ភៈ នេះក្នុងកម្មវិធី ដណ្តើមប្រាក់លានខារ៉ាប៉ាវ ដែលមានការផ្សាយផ្ទាល់តាមទូរទស្សន៍ CTN CNC និង MYTV ចាប់ពីម៉ោង ២ និង ៣០ នាទីរសៀលតទៅ ៕