
អេលីត សាន់ មិនទាន់ច្បាស់ថា អាចប្រកួតសងសឹកឈ្នះ តាញ់ មករា ត្បិតសមត្ថភាពមិនទាន់ដូចពីមុន
បន្ទាប់ពីខកខានឡើងសង្វៀនជាច្រើនខែ ហើយកាលពីសប្តាហ៍មុនបានត្រឹមតែប្រកួតស្មើជាមួយ តូច ដេវីត នៅសង្វៀន Mas Fight របស់ថោន អេលីត សាន់ បានឲ្យដឹងថា៖ អ្វីៗគ្រប់យ៉ាងរបស់គេគឺមិនទាន់ដូចពីមុនឡើយ ពោលគឺនៅគាំងៗក្បាច់ច្រើន។ ហើយកាលវិលត្រឡប់មកសង្វៀនសារជាថ្មីនេះរូបគេពិតជាមានអារម្មណ៍ថាសប្បាយចិត្ត ព្រោះនឹកសង្វៀនគុនខ្មែរខ្លាំងណាស់។
គួរបញ្ជាក់ថា បើមិនប្រែប្រួលនោះទេ នៅចុងសប្តាហ៍នេះ អេលីត សាន់ ត្រូវមានភារកិច្ចឡើងប្រកួតជាបន្តទៀតជាមួយនិងកូនសិស្សរបស់លោកគ្រូ ធន់ សុភា គឺកីឡាករ តាញ់ មករា ស្របពេលដែល មករា ទើបតែធូរស្រាលចិត្តជាងមុន បន្ទាប់ពីរបូតខ្សែក្រវាត់ទៅអោយ ឃីម បូរ៉ា។ សម្រាប់ការប្រកួតរវាងកូនសិស្សរបស់លោកគ្រូ ស៊ន អេលីត និង កូនសិស្សរបស់លោកគ្រូ ធន់ សុភា នាព្រឹកថ្ងៃសៅរ៍ខាងមុននេះ គឺមិនមែនជាជំនួបលើកទី១ឡើយ មានន័យថា អេលីត សាន់ ធ្លាប់ប្រកួតចាញ់ តាញ់ មករា ម្តងប្រហែលជាង២ឆ្នាំមុន។ ជាមួយគ្នានោះ បើយោងតាមសំដីផ្ទាល់របស់ អេលីត សាន់ បានប្រាប់ក្រុមការងារ MSR SPORT ថា៖ តាញ់ មករា ឥឡូវកាន់តែល្អៗឡើង ទោះបីជាគេភ្លាត់ស្នៀតចាញ់ បូរ៉ា ក៏ពិតមែន។ កូនសិស្សរបស់ក្លឹប ប៉ែនកាក់គុនខ្មែររូបនេះបានបន្ថែមទៀតថា ពីមុនរូបគេធ្លាប់ប្រកួតចាញ់ពិន្ទុម្តង ហើយកាលប្រកួតសងសឹងនាពេលនេះ រូបគេមិនប្រាកដថាអាចសងសឹងបាននោះឡើយ ដោយយោងទៅលើសមត្ថភាពខ្លួនឯងមិនទាន់ដូចពីមុន តែរូបគេនឹងព្យាយាមតាមលទ្ធភាពដែលអាចធ្វើទៅបាន ព្រោះថា ការប្រកួតនៅលើសង្វៀនគឺមើលមិនឃើញឡើយ។

តាញ់ មករា និង អេលីត សាន់
ការប្រកួតរវាង អេលីត សាន់ និង តាញ់ មករា និងធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ចុងសប្តាហ៍នេះនៅសង្វៀន CBS ប្ញស្សីកែវ ផ្សាយផ្ទាល់ចាប់ពីម៉ោង៨និង១៥នាទីព្រឹកតទៅ ហើយក្នុងនោះក៏មានការប្រកួតគូពិសេសជាច្រើនទៀតផងដែរ៕