
មកស្គាល់អ្នកប្រដាល់គុនខ្មែរដែលជាបងប្អូននឹងគ្នា
គុនខ្មែរកំពុងល្បីខ្លាំងទូទាំងពិភពលោកមានកីឡាករជាច្រើនកំពុងចាប់យកអាជីពមួយនេះ ខណៈកីឡាករមួយចំនួនមានទាំងបងប្អូនតែម្តងដែលគេស្រឡាញ់វិស័យគុនខ្មែរមួយនេះ ។
ថ្ងៃនេះ MSR SPORT សុំបង្ហាញអ្នកប្រដាល់គុនខ្មែរដែលជាបងប្អូននឹងគ្នាកំពុងប្រឡូកនៅតាម សង្វៀនផ្សេងៗនាពេលបច្ចុប្បន្ននេះ ៖
១. ឡៅ ចន្ទ្រា និង ឡៅ ចិត្រា
អ្នកប្រដាល់ត្រកូលឡៅទាំងពីរនេះកំពុងល្បីខ្លាំង ដោយបានឈានដល់ការប្រកួតអន្តរជាតិ ។ ពួកគេកំពុងហាត់នៅក្លិបកងពលតូចពិសេសឆ័ត្រយោង៩១១ ដែលមានគ្រូបង្ហាត់គឺលោក ហង្ស សឿន ។
២. ឃីម ឌីម៉ា និង ឃីម បូរ៉ា
អ្នកប្រដាល់ខេត្តបន្ទាយមានជ័យទាំងពីរហ្វឹកហាត់ប្រដាល់គុនខ្មែរតាំងពីតូចជាមួយឪពុករបស់គេ គឺលោក ហេង ប៊ុនឃីម ខណៈបងប្រុសគឺ ឃីម ឌីម៉ា ហាក់បីមានភាពល្បីល្បាញជាងប្អូនប្រុសរបស់ គេ បូរ៉ា ។
៣. សុខ ធី និង សុខ រិទ្ធ
អ្នកប្រដាល់ជាយដែនទាំងពីរនេះសាងភាពល្បីខ្លាំងទាំងនៅកម្ពុជានិងនៅប្រទេសថៃ ពួកគេចាប់ផ្តើម ហ្វឹកហាត់ប្រដាល់តាំងពីនៅក្មេងជាមួយលោក សាន សៅយ៉ាន់ នាខេត្តបន្ទាយមានជ័យ ។
៤. ហ៊ីម សេរី និង ហ៊ីម គឹមរៀង
ហ៊ីម សេរី ជាអ្នកប្រដាល់ទម្ងន់ស្រាលមួយរូបដែលស្ថិតនៅកម្រិតកំពូលនៅប្រទេសកម្ពុជា ខណៈបច្ចុប្បន្ននេះប្អូនប្រុសរបស់គេក៏កំពុងដើរតាមគន្លងបងប្រុសរបស់គេដែរ ។
៥. ម៉ន សាម៉េត និង ម៉ន ព្រហ្មម៉ាញ
ត្រកូលម៉នមានអ្នកស្នងគុនខ្មែរជាច្រើនដែលបានប្រឡូកតាមសង្វៀន ខណៈយើងសូមលើកយក តែអ្នកទាំងពីរប៉ុណ្ណោះ ព្រោះពួកគេបង្ហាញមុខច្រើនតាមសង្វៀន ។
៦. ព្រឿង សុជាតិ និង ព្រឿង សុជឺត
ព្រឿង សុជាតិ ដែលជាអ្នកប្រដាល់កំពុងហាត់នៅក្លិបក្រសួងការពារជាតិក៏មានប្អូនប្រុសមួយរូប កំពុងហាត់ជាមួយដែរ ហើយបច្ចុប្បន្នប្អូនប្រុសរបស់គេជាថ្នាលជម្រើសជាតិគុនខ្មែរទៀតផង ។
សូមបញ្ជាក់ថា យើងលើកយកមកសរសេរតែអ្នកប្រដាល់ដែលបានឡើងប្រកួតសព្វថ្ងៃនេះតែប៉ុណ្ណោះ ខណៈកីឡាករដែលជាបងប្អូនផ្សេងៗក៏ធ្លាប់មានដែរដូចជា សែន រ៉ាឌី និង សែន រ៉ាដេត , ខុន ស៊ីចាន់ និង ខុន ស៊ីចន , គង់ ហូវ និង គង់ សំបូរ ជាដើម ៕