
Kylian Mbappe៖ «ខ្ញុំនឹងនៅ PSG ដើម្បីបន្តដំណើរជាមួយពួកគេ ព្រោះខ្ញុំទើបចាប់ផ្តើមអាជីព»
បន្ទាប់ពីជួយឲ្យបារាំងទទួលបានជ័យជម្នះ និងក្លាយជាជើងឯកពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2018 នៅរុស្ស៊ី កីឡាករវ័យ ១៩ឆ្នាំ Kylian Mbappe បានបញ្ជាក់ពីពាក្យចចាមអារាម ជុំវិញការផ្លាស់ប្តូរទៅកាន់ក្លឹបយក្សនៅអេស្ប៉ាញ Real Madrid។ ចម្លើយរបស់ម្ចាស់ពានរង្វាន់ World Cup’s Young Player of the Tournament នេះ គឺគេនឹងបន្តនៅជាមួយក្លឹបបារាំង Paris Saint- Germain ក្នុងរដូវក្តៅនេះ។
Mbappe បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីព្រឹត្តិការណ៍យប់មិញថា ៖ «ខ្ញុំនឹងនៅជាមួយ PSG បន្តដំណើររបស់ខ្ញុំជាមួយពួកគេ។ ខ្ញុំទើបតែចាប់ផ្តើមអាជីពរបស់ខ្ញុំ។»
គួរជម្រាបជូនថា K. Mbappe បានក្លាយជាកីឡាករវ័យទី២ ដែលបាននាំក្រុមបាល់ទាត់ជម្រើសជាតិទៅកាន់វគ្គផ្តាច់ព្រ័ត្រ ការប្រកួតបាល់ទាត់ World Cup បន្ទាប់ពីកីឡាករ Pele ដែលធ្វើបានកាលពីឆ្នាំ ១៩៥៨។ កាលពីពេលថ្មីៗនេះ មានដំណឹងថា Real Madrid ពិតជាចង់បាន Mbappe ខ្លាំងណាស់ ដើម្បីជំនួសតំណែង Cristiano Ronaldo ដែលបានចាកចេញ ដើម្បីទៅចូលរួមជាមួយ Juventus នៅអ៊ីតាលី ក្នុងកិច្ចព្រមព្រៀងទឹកប្រាក់ ១០០លានអឺរូ។ កន្លងមក ក៏មានដំណឹងថា Real Madrid ចង់បានកីឡាករប្រេស៊ីល Neymar ផងដែរ ប៉ុន្តែក្រោយមកទៀត ក្លឹបនេះ ក៏បានចេញសេចក្តីថ្លែងការណ៍ចំនួន ២ច្រាន ចោលរឿងនេះតែម្តង។
នៅពេលនេះ សំណួរសួរថា តើអ្នកណានឹងអាចជំនួស Cristiano Ronaldo នៅ Real Madrid បើ K. Mbappe និង Neymar ត្រូវបានបដិសេធថាមិនមែនជាមុខព្រួញទៅហើយ? យ៉ាងណាពេលនេះ នៅមានកីឡាករ ៣នាក់ទៀត ដែលជាគោលដៅ ដោយក្នុងនោះរួមមាន Eden Hazard ដែលបានបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្រុមជម្រើសជាតិបែលហ្ស៊ិក និងបច្ចុប្បន្នកំពុងលេងនៅក្លឹបតោខៀវ Chelsea ក្នុងប្រទេសអង់គ្លេស។
ចំណែកមួយរូបទៀត គឺ Paulo Dybala កីឡាករអាស្សង់ទីន ដែលកំពុងលេងនៅក្លឹបរបស់អ៊ីតាលី Juventus និងជាកីឡាករម្នាក់ ដែលមានសមត្ថភាពបម្រើប្រយុទ្ធដូចគ្នាទៅនឹង Ronaldo និង Messi (នេះជាមូលហេតុមួយដែលទោះជា Dybala ល្អ ក៏គ្រូបង្វឹកមិនបានដាក់ឲ្យលេងក្នុងជម្រើស ១១នាក់ដំបូងជាមួយ Messi) ។
ហើយមួយរូបទៀត គឺកីឡាករវ័យ ២៩ឆ្នាំ Robert Lewandowski ដែលជាកីឡាករជម្រើសជាតិប៉ូឡួញ និងបច្ចុប្បន្នកំពុងលេងនៅក្លឹបរបស់អាល្លឺម៉ង់ Bayern Munich។
មើលទៅ Real Madrid មិនខ្វះលុយនាំចូលកីឡាករល្អៗទៅលេងជាមួយនោះទេ តែសំខាន់ថាតើកីឡាករដែលគេចង់បាននោះពេញចិត្តទៅឬអត់ ព្រោះថាក្លឹបកាន់តែមាន កាន់តែល្បី កញ្ចុំ Super stars ក៏កាន់តែច្រើន កាន់តែប្រជែងគ្នា៕