McTominay បង្កើតកំណត់ត្រាពិសេសក្រោយស៊ុតឲ្យ Man UTD ឈ្នះចុងម៉ោង
យោងតាមស្ថិតិពីស្ថាប័ន Opta បង្ហាញថា Scott McTominay បានក្លាយជាកីឡាករទី១ដែលប្ដូរចូល និងរកគ្រាប់បាល់បញ្ចូលទីក្នុងម៉ោងបន្ថែមវគ្គទី២ សម្រាប់ Manchester United នៃការប្រកួតពានប្រចាំទ្វីបអឺរ៉ុប ចាប់តាំងពីឆ្នាំ១៩៩៩មក។
McTominay ដែលប្ដូរចូលជំនួស Casemiro នាទី៨១ បានទាត់បញ្ចូលទីនាទី៩០+៣ ឲ្យ Manchester United ឈ្នះ Omonia ១ទល់នឹង០ ក្នុងការប្រកួត UEFA Europa League។ កាលឆ្នាំ១៩៩៩ អ្នកដែលធ្វើបានដូច McTominay ដែរនោះ គឺលោក Ole Gunnar Solskjaer ដែលស៊ុតឈ្នះ Bayern Munich លើកពាន UEFA Champions League។
McTominay ក៏បានសរសើរ Omonia ដែលការពារបានល្អទាំងអ្នកចាំទី និងខ្សែការពារ។ ពួកគេមានឱកាស៣៣ដង និង១១ដងចំគោលដៅ តែរកមិនបានគ្រាប់បាល់សោះ មុនការទាត់របស់ McTominay។
ឆ្លងកាត់ការប្រកួត៤លើក Man UTD មាន៩ពិន្ទុ ឈរលេខ២ ក្រោមក្រុមលេខ១ Real Sociedad ១ពិន្ទុ៕