គ្រូ Chelsea ប្រាប់មូលហេតុដាក់ Kepa ចូលចាប់បាល់១១ម៉ែត្រដែលឈ្នះ Villarreal
Chelsea បានលើកពានរង្វាន់ UEFA Super Cup 2021 តាមរយៈជ័យជម្នះ៦ទល់នឹង៥លើ Villarreal ក្នុងការប្រកួតនៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ ក្រោយស្មើគ្នា១ទល់នឹង១ពេញ១២០នាទី។
ក្នុងរយៈពេល១២០នាទីនេះ ក្រុមទាំង២សម្រុកគ្នាយ៉ាងល្អមើល។ Chelsea ដែលជាម្ចាស់ពាន UEFA Champions League បាននាំមុខមុនពីការទាត់បញ្ចូលទីដោយ Hakim Ziyech ក្នុងនាទី២៧ បន្ទាប់ពីទទួលបានការបញ្ជូនដោយ Kai Havertz។
ចូលដល់វគ្គទី២ Villareal ម្ចាស់ពាន Europa League បានតាមស្មើវិញក្នុងនាទី៧៣ ពីការទាត់បញ្ចូលទីដោយ Gerard Moreno។
លទ្ធផលស្មើគ្នានេះដល់ចប់១២០នាទី ហើយក៏ដល់ការទាត់១១ម៉ែត្រ។ អ្វីគួរកត់សម្គាល់នោះ អ្នកចាត់ការ Chelsea លោក Thomas Tuchel បានដាក់អ្នកចាំទី Kepa Arrizabalaga ចូលជំនួស Edouard Mendy ក្នុងនាទី១១៩ ពោលមួយនាទីមុនទាត់១១ម៉ែត្រ។
Kepa ចាប់បាល់ពីការទាត់របស់ Raul Albiol បានសម្រេច។ ជាលទ្ធផល Chelsea ទទួលបានជ័យជម្នះលើការទាត់កាត់សេចក្ដីដោយលទ្ធផល៦ទល់នឹង៥ ឈានទៅលើកពាន UEFA Super Cup 2021។
លោក Thomas Tuchel ពន្យល់ថា ដោយសារតែ Kepa មានភាគរយល្អក្នុងការចាប់បាល់១១ម៉ែត្រ។ លោកថា ក្រុមការងារវិភាគ និងក្រុមគ្រូចាំទីបានបង្ហាញពីទិន្នន័យរបស់ Kepa ។លោកក៏បានរៀបចំផែនការផ្លាស់ប្ដូរនេះសម្រាប់ការប្រកួតដំណាក់កាលចាញ់ធ្លាក់ និងបានប្រាប់ទៅកីឡាកររួចរាល់ដែរ៕