អគ្គលេខាធិការបាល់ទះសិង្ហបុរី ថា បាល់ទះកម្ពុជាឈានដល់កម្រិតកំពូលក្នុងតំបន់
អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះសិង្ហបុរី លោក Chia Min Chong បានសរសើរដល់បាល់ទះកម្ពុជា និងថា បានឈានដល់កម្រិតកំពូលមួយក្នុងតំបន់ហើយ។
លោក Chia Min Chong បន្ដថា លោកបានតាមដានវិស័យបាល់ទះកម្ពុជា តាំងពីឆ្នាំ២០១៩ (ស៊ីហ្គេម នៅហ្វីលីពីន)។ លោកមើលឃើញវិស័យបាល់ទះកម្ពុជា មានសក្ដានុពលចាប់ពីពេលនោះមក។ ប៉ុន្តែអ្វីដែលអស្ចារ្យ គឺស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម។ លោកមានប្រសាសន៍ថា ៖«ខ្ញុំគិតថា កម្ពុជាពិតជាបានអភិវឌ្ឍវិស័យបាល់ទះ គឺបានល្អប្រសើរខ្លាំងមែនទែន។ នេះហើយបានជាយើងចង់សាកថ្វីដៃជាមួយប្រទេសដែលខ្លាំង(កម្ពុជា)»។
ពាក់ព័ន្ធនឹងសក្ដានុពល នៃវិស័យបាល់ទះកម្ពុជាដែរ លោកបានសង្កត់ធ្ងន់ថា ៖«លទ្ធផល គឺបានបង្ហាញយ៉ាងច្បាស់ នៅពេលកម្ពុជាអាចប្រកួតប្រជែងយកឈ្នះក្រុមជម្រើសជាតិថៃ(ស៊ីហ្គេម នៅវៀតណាម) ។ ខ្ញុំអាចសន្និដ្ឋានបានថា កម្ពុជាបច្ចុប្បន្ននេះ សម្រាប់បាល់ទះ គឺស្ថិតនៅលំដាប់កំពូល(TOP)ហើយ ហើយខ្ញុំជឿជាក់ថា នៅថ្ងៃអនាគត កម្ពុជានឹងក្លាយជាប្រទេសមួយដ៏មានសក្ដានុពលក្នុងវិស័យបាល់ទះ»។
គួរបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងជួបជាមួយក្រុមជម្រើសជាតិសិង្ហបុរី នៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២ នៅកីឡដ្ឋានព្រីនស៍៕