
World Cup លើកក្រោយ យើងអាចមិនឃើញវត្តមានកំពូលកីឡាករ ១០រូបនេះ
ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup 2018 លើកទី ២១ ដែលធ្វើឡើងនៅប្រទេសរុស្ស៊ី បានបញ្ចប់ទៅហើយត្រឹមយប់ថ្ងៃទី ១៥ខែកក្កដា។ ជើងឯកត្រូវបានរកឃើញ នោះគឺក្រុមបាល់ទាត់ជម្រើសជាតិបារាំង ខណៈជើងឯករង គឺក្រូអាត ហើយលេខ ៣ គឺបែលហ្ស៊ិក និងលេខ ៤ គឺអង់គ្លេស។ ជាមួយលទ្ធផលនៅ World Cup 2018 មានកីឡាករខ្លះក៏សប្បាយចិត្ត ប៉ុន្តែកីឡាករខ្លះទៀត មិនសប្បាយចិត្ត ហើយថែមទាំងនៅតែបន្ទោសខ្លួនឯងថាមិនអាចជួយជម្រើសជាតិឲ្យបានល្អជាងនេះ។
តោះ! ពេលនេះ យើងមកមើលពីកំពូលកីឡាករ (Superstars) មួយចំនួន ដែលអាចនឹងអវត្តមានពីព្រឹត្តិការណ៍ World Cup លើកទី ២២ នៅឆ្នាំ ២០២២ ដែលប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ៖
#1 Sergio Aguero កីឡាករជម្រើសជាតិអាស្សង់ទីន
កីឡាកររបស់ក្លឹប Manchester City រូបនេះ នឹងមានអាយុ ៣៤ឆ្នាំ ពេលព្រឹត្តិការណ៍ World Cup លើកក្រោយ ដែលធ្វើឡើងនៅប្រទេសកាតា ចូលមកដល់។ សម្រាប់ Aguero ពេលដែលគេលេងតំណាងឲ្យជាតិ លើឆាកអន្តរជាតិ គេធ្វើមិនបានល្អទាំងស្រុង ដូចលេងនៅក្លឹបអាជីពឡើយ។ បញ្ហានេះ វាគឺជាសម្ពាធមួយ ដែលរូបគេផ្ទាល់មិនចង់បង្ហាញខ្លួនទៀត។ យ៉ាងណាក៏ដោយ S. Aguero មិនទាន់បញ្ជាក់ពីការចូលនិវត្តន៍នៅឡើយទេ។
#2 Lionel Messi កីឡាករជម្រើសជាតិអាស្សង់ទីន
កីឡាកររូបនេះ បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ឲ្យជម្រើសជាតិអាស្សង់ទីន បានចំនួន ៤ដងហើយ ប៉ុន្តែជារឿយៗ Messi មិនបាននាំអាស្សង់ទីន ឲ្យបញ្ចប់ទៅដោយលទ្ធផលរីករាយនោះទេ។ ជាក់ស្តែងកាលពី World Cup 2018 ថ្មីៗនេះ អាស្សង់ទីន បានហាលអាវទៅផ្ទះវិញត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីបានចាញ់បារាំង ៤ទល់នឹង ៣។ កីឡាករដែលកំពុងលេងនៅក្លឹប Barcelona រូបនេះ នឹងមានអាយុ ៣៥ឆ្នាំ ពេល World Cup 2022 នៅកាតាចូលមកដល់។ កត្តាអាយុ និងសម្ពាធ ទំនងជាមិនអាចឲ្យ Messi បង្ហាញខ្លួនទៀតទេ តែយ៉ាងណា កីឡាកររូបនេះ មិនទាន់ប្រកាសពីការចូលនិវត្តន៍ពីក្រុមជម្រើសជាតិនោះឡើយ។
#3 Marcelo កីឡាករជម្រើសប្រេស៊ីល
ពេល World Cup 2022 នៅកាតា Marcelo នឹងមានអាយុ ៣៤ឆ្នាំ។ ដូច្នេះ Marcelo អាចនឹងត្រូវអវត្តមាន ពេល World Cup លើកក្រោយ ក៏ព្រោះតែកត្តាអាយុ និងទម្រង់លេង។
#4 Luka Modric កីឡាករជម្រើសជាតិក្រូអាត
ពេល World Cup 2022 នៅកាតា Modric នឹងមានអាយុ ៣៧ឆ្នាំ។ Modric ធ្វើបានយ៉ាងល្អសម្រាប់ក្រូអាត ក្នុងអំឡុងពេលចូល World Cup ម្តងៗ ហើយថ្មីៗនេះ រូបគាត់ក៏ទើបតែទទួលបានពានរង្វាន់ Golden Ball ជាកីឡាករលេងបានល្អបំផុត បន្ទាប់ពីជួយឲ្យក្រូអាត ក្លាយជាជើងឯករងពីព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ី។
#5 Mohamed Salah កីឡាករជម្រើសជាតិអេហ្ស៊ីប
ពេលនេះ Mohamed Salah ទើបតែមានអាយុ ២៦ឆ្នាំប៉ុណ្ណោះ ហើយក៏ប្រហែលជាមិនមានបញ្ហាអាយុដែរ នៅ World Cup ឆ្នាំក្រោយ។ ប៉ុន្តែដោយសារតែមិនអាចជួយក្រុមជម្រើសជាតិអេហ្ស៊ីប ឲ្យឈ្នះសូម្បីមួយប្រកួតពីព្រឹត្តិការណ៍ World Cup 2018 នៅរុស្ស៊ី Mo Salah ទទួលការប៉ះទង្គិចផ្នែកអារម្មណ៍ជាខ្លាំង ហើយគាត់ក៏មិនចង់ក្លាយជាមនុស្សមិនបានការលើឆាកអន្តរជាតិតំណាងអេហ្ស៊ីបនោះទេ។ មានភាពចចាមអារ៉ាមថា Mo Salah ចង់ចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ប៉ុន្តែនៅមិនទាន់មានព័ត៌មានច្បាស់ការនៅឡើយទេ។ ជាការកត់សម្គាល់ Mohamed Salah លេងបានល្អបំផុត ឲ្យក្លឹបហង្សក្រហម Liverpool ប៉ុន្តែពេលលេងនៅជម្រើសជាតិមិនបានល្អ ដូច្នេះវាជាសម្ពាធបំផុត។
#6 Cristiano Ronaldo កីឡាករជម្រើសជាតិព័រទុយហ្គាល់
ការពិតទៅ Cristiano Ronaldo បានចាប់ផ្តើមព្រឹត្តិការណ៍ World Cup 2018 យ៉ាងល្អបំផុតឲ្យព័រទុយហ្គាល់ ដោយស៊ុត hat-trick បានដល់ទៅ ៣គ្រាប់ ហើយគាត់ក៏អាចជាបេក្ខភាពប្រជែងពានរង្វាន់ Top scorer ដើម្បី Golden Boot ផងដែរ ប៉ុន្តែអ្វីៗត្រូវបរាជ័យនៅពេលដែលព័រទុយហ្គាល់ធ្លាប់ចេញត្រឹមវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីប្រកួតចាញ់អ៊ុយរ៉ាហ្កាយ។ Ronaldo មិនសប្បាយចិត្តនោះទេ ប៉ុន្តែគាត់នៅមិនទាន់ចេញសេចក្តីប្រកាសផ្លូវការពីការចូលនិវត្តន៍នៅឡើយទេ។
#7 Thomas Muller កីឡាករជម្រើសជាតិអាល្លឺម៉ង់
Muller បានជួយឲ្យអាល្លឺម៉ងលើកពាន World Cup 2014 នៅក្នុងប្រទេសប្រេស៊ីល ប៉ុន្តែនៅក្នុងប្រទេសរុស្ស៊ី កាលពីពេលថ្មីៗនេះ អាល្លឺម៉ង់ត្រូវទៅផ្ទះមុនគេ ក្នុងចំណោមក្រុមដែលគេចាត់ទុកថាខ្លាំងផ្សេងទៀត។ អាល្លឺម៉ង់ ធ្លាក់ចេញពី World Cup 2018 ត្រឹមវគ្គជម្រុះក្នុងពូល ហើយថែមទាំងប្រកួតចាញ់ក្រុមអាស៊ី កូរ៉េខាងត្បូង ២ទល់នឹង០ទៀត។ គ្រូបង្វឹកអាល្លឺម៉ង់ លោក Joachim Low ដែលនឹងបន្តដឹកនាំក្រុមរហូតដល់ World Cup 2022 មិនបានបង្ហាញសញ្ញាវិជ្ជមានណាមួយថា Muller អាចនឹងជាប់ជម្រើសជាតិអាល្លឺម៉ង់ សម្រាប់ ៤ឆ្នាំទៀតនោះទេ។
#8 Sergio Ramos កីឡាករជម្រើសជាតិអេស្ប៉ាញ
ប្រធានក្រុមជម្រើសជាតិអេស្ប៉ាញ និង Real Madrid រូបនេះ នឹងមានអាយុ ៣៦ឆ្នាំ នៅឆ្នាំ ២០២២។ Ramos ទំនងជាចង់ទុកឱកាសឲ្យក្មេងៗអេស្ប៉ាញជំនាន់ក្រោយ ជាជាងចូលលេងដោយខ្លួនឯងនៅប្រទេសកាតា។
#9 Luis Suarez កីឡាករជម្រើសជាតិអ៊ុយរ៉ាហ្កាយ
គិតត្រឹម World Cup 2018 នេះ វាគឺជាលើកទី ៤ហើយ សម្រាប់ Suarez ដែលលេងឲ្យជម្រើសជាតិ នៅ World Cup។ ប៉ុន្តែកីឡាករកូនសោសំខាន់របស់ Barcelona រូបនេះ នឹងមានអាយុ ៣៦ឆ្នាំ ពេល World Cup នៅកាតា។ ដូច្នេះអ្វីដែលជាការរំពឹងទុក គឺ Suarez ចង់ពង្រឹងខ្លួនសម្រាប់ក្លឹបវិញ ហើយទុកឱកាសជម្រើសជាតិឲ្យក្មេងជំនាន់ក្រោយ។
#10 Edinson Cavani កីឡាករជម្រើសជាតិអ៊ុយរ៉ាហ្កាយ
មិនខុសពី Suarez ខ្សែប្រយុទ្ធក្លឹប PSG រូបនេះ នឹងមានអាយុ ៣៥ឆ្នាំពេល World Cup 2022។ ដូច្នេះ គាត់ក៏ចង់ទុកឱកាសឲ្យក្មេងជំនាន់ក្រោយបានបង្ហាញខ្លួនលើកឆាកអន្តរជាតិផងដែរ ខណៈកេរ្តិ៍ឈ្មោះរបស់គាត់ ក៏ល្បីគ្រប់គ្រាន់ហើយដែរ៕
ប្រភព៖ Goal