អ្នកចាំទី Heaton វិលចូល Man UTD វិញ ខណៈដៃទី៣ Lee Grant តកុងត្រាមួយឆ្នាំទៀត
Manchester United បានចុះកិច្ចសន្យាជាមួយអ្នកចាំទី Tom Heaton រយៈពេល២ឆ្នាំ ភ្ជាប់ជាមួយជម្រើសបន្ថែម១២ខែទៀត។
Heaton ដែលបានចំណាយពេល១៣ឆ្នាំពីចន្លោះអាយុ១១ឆ្នាំដល់២៤ឆ្នាំក្នុងក្រុមថ្នាលបិសាចក្រហម បានផុតកិច្ចសន្យានៅ Aston Villa នាដំណាច់រដូវកាលកន្លងទៅ។
កីឡាករវ័យ៣៥ឆ្នាំមិនដែលលេងក្នុងក្រុមធំ Man UTD ទេ ដោយឆ្លងកាត់ការផ្ទេរលើកិច្ចសន្យាខ្ចីយ៉ាងច្រើនក្លិបដូចជានៅ Swindon, Royal Antwerp, Cardiff, QPR, Rochdale និង Wycombe មុនផ្ទេរផ្ដាច់ទៅ Cardiff កាលឆ្នាំ២០១០។ គេក៏ធ្លាប់ជាប់ជម្រើសជាតិអង់គ្លេសពេលឡើងដៃនៅ Burnley។
ទន្ទឹមនឹងនេះដែរ ក្រុមលោក Ole Gunnar Solskjaer ក៏បានប្រកាសពីការបន្លាយកុងត្រាដល់អ្នកចាំទីជើងចាស់ Lee Grant មួយឆ្នាំទៀត។
អតីតសមាជិក Derby County, Burnley និង Stoke City វ័យ៣៨ឆ្នាំបានចូលរួមនៅ Old Trafford កាលឆ្នាំ២០១៨ ហើយមកទល់ពេលនេះមិនធ្លាប់បានលេងនៅ Premier League ទេ ដោយចាប់តែ League Cup មួយប្រកួតប៉ុណ្ណោះ។
ដូច្នេះអ្នកចាំទីនៅក្រុមធំ Manchester United មាន៤នាក់ហើយដែល២នាក់ទៀត គឺ David De Gea, Dean Henderson។ ចំណែកអ្នកចាំទីវ័យក្មេង Nathan Bishop ត្រូវបានដាក់ឲ្យ Mansfield Town ខ្ចី ខណៈ Sergio Romero បានចាកចេញក្រោយដាច់កុងត្រា៕