ម៉ឺន មេឃា បន្តដំណើរដណ្តើមលុយ២ម៉ឺនដុល្លារពីសង្វៀនគុនខ្មែរជើងឯកពិភពលោក
អ្នកប្រយុទ្ធគុនខ្មែរ ម៉ឺន មេឃា បានឆ្លងផុតជុំទី១ ក្នុងការប្រកួតឆ្ពោះទៅដណ្តើមខ្សែក្រវាត់ក្នុងកម្មវិធី សង្វៀនគុនខ្មែរជើងឯកពិភពលោក បន្ទាប់ពីធ្វើការប្រកួតជាមួយកីឡាករប្រេស៊ីល Felype Souza កាលពីម្សិលមិញ ។ កូនប្រុសរបស់កំពូលអ្នកប្រដាល់គុនខ្មែរលោក អេ ភូថង បានតស៊ូយ៉ាងស្វឹតស្វាញជាមួយជើងខ្លាំងរបស់ប្រេស៊ីល Felype Souza ពេញ៣ទឹកនាកីឡដ្ឋានមរតកតេជោ ។ ម៉ឺន មេឃា នឹងបន្តទៅជុំទី២ ដោយត្រូវរងចាំការប្រកួតបន្តបន្ទាប់ក្នុងការឆ្ពោះទៅរកខ្សែក្រវាត់ដែលមានប្រាក់រង្វាន់រហូតដល់ ២ម៉ឺនដុល្លារ ។
សម្រាប់លទ្ធផលគូផ្សេងៗក្នុងថ្ងៃនោះដែររួមមាន ៖
- កំពូលអ្នកប្រដាល់ថៃ បួរខាវ ឈ្នះកីឡាករ បេឡារុស Varats Dzmitry
- បឺត សង្ឃឹម ឈ្នះពិន្ទុកីឡាករថៃ Penthep
- កាន់ ម៉េងហុង ឈ្នះពិន្ទុកីឡាករអូស្ត្រាលី Dylan
- តូច ចន្ទវត្តី ចាញ់ពិន្ទុកីឡាការនី អេស្តូនី Marie Ruumet
សូមបញ្ជាក់ថា សង្វៀនគុនខ្មែរជើងឯកពិភពលោក ធ្វើឡើងមួយខែចំនួន២ដង ដែលមានការប្រកួតដណ្តើមខ្សែក្រវាត់ និងការប្រកួតមិត្តភាពអន្តរជាតិលំដាប់ពិភពលោក ដែលមានកីឡាករកំពូលៗមកពីជុំវិញ ពីភពលោក ក្រោមការឧបត្ថម្ភពីភេសជ្ជៈប៉ូវកម្លាំងគោជល់ ៕