
អ៊ុន ស្រីយ៉ា ថា ត្រៀមបានល្អសម្រាប់ការប្រកួតប៉េតង់ពិភពលោកនៅអាមេរិក
កីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ចេញដំណើរទៅសហរដ្ឋអាមេរិកនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី០៧ ខែកក្កដា នេះដើម្បីចូលរួមការប្រកួតប៉េតង់ពិភពលោក ឆ្នាំ២០២២ នាក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក។
កម្ពុជាត្រូវប្រកួតលើ ២វិញ្ញាសា គឺវិញ្ញាសា ២នាក់ទល់២នាក់ និងវិញ្ញាសា វាយកយកពិន្ទុ។
កីឡាការិនី អ៊ុន ស្រីយ៉ា បានបញ្ជាក់ថា ការចេញទៅលើកនេះ គឺបានត្រៀមយ៉ាងល្អ ដោយធ្វើការហ្វឹកហាត់ និងសមផ្នែកបច្ចេទេសជាមួយកីឡាការិនី អ៊ុក ស្រីមុំ ដើម្បីសហការគ្នាជាក្រុមអោយបានល្អ។
កីឡាការិនី អ៊ុន ស្រីយ៉ា បញ្ជាក់ថា ប្រទេសជាឧបសគ្គសម្រាប់កម្ពុជា មានពី៨ ទៅ ១០ប្រទេស ដូចជា ថៃ បារាំង ដាណឺម៉ាកជាដើម ដែលតែងតែប្រកួតស្វិតស្វាញជាមួយកម្ពុជាលើឆាកអន្តរជាតិ ក្នុងព្រឹត្តការណ៍ធំៗដូចជា ការប្រកួតស៊ីហ្គេមកម្រិតអាស៊ីជើងឯកពិភពលោក និងពិភពលោក។
លោក សុខ ម៉ុង គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា ទទូចថា ការបានហ្វឹកហាត់ឡើងវិញនៅពហុកីឡដ្ឋានជាតិ ធ្វើឲ្យកីឡាករ កីឡាករិនី ជម្រើសរើសជាតិ មានភាពងាយស្រួល។ ដូច្នេះ អ្វីដែលលោកចង់ស្នើនោះគឺធ្វើយ៉ាងណាឲ្យមានសាមគ្គីក្នុងក្រុម។
សូមបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់ពិភពលោក ឆ្នាំ២០២២ ធ្វើនៅក្រុង Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក ធ្វើឡើងចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១៥ ខែកក្កដា៕