Man UTD មិនច្បាស់ថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងធ្វើដំណើរជាមួយក្រុមសម្រាប់ការប្រកួតមិត្តភាពមុនបើករដូវកាល
ក្រុមបិសាចក្រហម Manchester United នៅតែមិនប្រាកដទេថា ខ្សែប្រយុទ្ធ Cristiano Ronaldo នឹងហោះហើរជាមួយក្រុមនៅថ្ងៃសុក្រសប្តាហ៍នេះ សម្រាប់ការប្រកួតលក្ខណៈមិត្តភាព Pre-Season មុនបើករដូវកាលថ្មី នៅឯប្រទេសថៃ និងអូស្ត្រាលី។
Ronaldo មិនទាន់ត្រឡប់មកហ្វឹកហាត់ជាមួយ Man United វិញនៅឡើយទេ ដោយលើកហេតុផលជាប់ធុរៈជាមួយគ្រួសារ។ ប៉ុន្តែទោះយ៉ាងណា គេបានឃើញខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះ កំពុងហ្វឹកហាត់តែម្នាក់ឯង នៅឯមជ្ឈមណ្ឌលហ្វឹកហាត់របស់ក្រុមជម្រើសជាតិព័រទុយហ្គាល់ទៅវិញ។ ការអវត្តមាននេះ កើតឡើងចំពេលបែកធា្លយដំណឹងនៃការស្នើសុំចាកចេញពី Man United របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ នៅរដូវក្តៅនេះតែម្តង។ ប្រសិនបើគេទទួលបានសំណើសមរម្យណាមួយពីក្លិបដទៃ។
ប៉ុន្តែទោះយ៉ាងណា Man United ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Erik ten Hag នៅតែទទូចថា Ronaldo មិនមែនសម្រាប់លក់នោះទេ។ ស្របពេលក្លិបយក្សនៅអឺរ៉ុបជាច្រើន កំពុងចង់បានម្ចាស់ពាន Ballon d’Or ៥សម័យកាលរូបនេះ។ ក្នុងនោះរួមទាំងក្លិបគូប្រជែង Chelsea ផងដែរ។
អត្ថបទ៖ F11