អ្វីគួរដឹងមុនផ្ដាច់ព្រ័ត្រ Europa League យប់នេះ
Villareal នឹងជួបជាមួយ Manchester United ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Europa League នៅរាត្រីនេះ គឺម៉ោង២យប់ឆ្លងចូលដល់ថ្ងៃព្រហស្បតិ៍។
ជំនួបដ៏សំខាន់រវាងក្រុមទាំងនឹងធ្វើឡើងនៅកីឡដ្ឋាន Polsat Plus ក្រុង Gdansk ភាគខាងជើងឈូងសមុទ្របាល់តិក ប្រទេសប៉ូឡូញ។
ក្រុមលោក Ole Gunnar Solskjaer ប៉ងឈ្នះពានលើកដំបូងក្នុងនាមអ្នកចាត់ការ Manchester United ហើយលោករំពឹងថា នឹងអាចនាំជោគជ័យទៅកីឡដ្ឋាន Old Tafford វិញ។
ចំណែកលោក Unai Emery គ្រូបង្គោល Villreal ក៏ចង់បន្តភាពជោគជ័យនៅ Europa League ដែរ តែអ្វីកាន់តែសំខាន់ទៀតនោះ នេះគឺជារដូវកាលដំបូងរបស់អតីតអ្នកចាត់ការ Arsenal នៅក្រុមនាវាមុជទឹកពណ៌លឿង។
គេរំពឹងថា នឹងមានអ្នកទស្សនាផ្ទាល់ដល់ទៅ៩៥០០នាក់។ បើតាម UEFA គឺក្រុមទាំង២ទទួលបានសំបុត្រ២០០០សន្លឹកសម្រាប់អ្នកគាំទ្រខ្លួន ខណៈ២០០០សំបុត្រទៀតត្រូវបានដាក់លក់លើវិបសាយ UEFA.com។
អ្នកគាំទ្រ Manchester United មួយចំនួនមិនបានទៅចូលរួមទស្សនាផ្ទាល់ទេ ដោយសារតែត្រូវធ្វើចត្តាឡីស័ក១០ថ្ងៃ និងឆ្លងកាត់ការធ្វើតេស្ដកូវីដ១៩ច្រើនដំណាក់កាល។
រដ្ឋាភិបាលអង់គ្លេសបានដាក់ប៉ូឡូញក្នុងបញ្ជីប្រទេសដែលត្រូវធ្វើចត្តាឡីស័ក១០ថ្ងៃសម្រាប់អ្នកធ្វើដំណើរពេលត្រលប់ចូលទឹកដីអង់គ្លេសវិញ។។ ការដាក់ខ្លួនដាច់ដោយឡែកអាចនឹងត្រូវបានបញ្ចប់ បើតេស្ដ PCR បង្ហាញថា អវិជ្ជមានពេលធ្វើចត្តាឡីស័កនៅថ្ងៃទី០២ ឬមុនថ្ងៃទី០២ ឬក៏ក្រោយថ្ងៃទី០៨។
UEFA បញ្ជាក់ថា ការប្រកួតនេះនឹងមាន V.A.R ហើយគេអាចផ្លាស់ប្ដូរបាន៥នាក់ តែគេអាចបន្ថែមការផ្លាស់ប្ដូរអ្នកទី៦បានក្នុងរយៈពេលនៃម៉ោងបន្ថែម១៥នាទី២ដង។ សម្រាប់ពានរង្វាន់នេះមានទម្ងន់១៥គីឡូក្រាម៕