មន្រ្តីជាន់ខ្ពស់សហព័ន្ធកីឡាបាល់ទាត់អាហ្វហ្កានីស្ថាន (AFF) បាននិងកំពុងស្វែងរកសិទ្ធិជ្រកកោននៅប្រទេសឥណ្ឌា
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Outlookindia បានឲ្យដឹងថា អ្នកគ្រប់គ្រងកីឡាបាល់ទាត់ជាន់ខ្ពស់របស់ឥណ្ឌា អះអាងថាមន្រ្តី (AFF) ដែលសុំមិនឱ្យបញ្ចេញឈ្មោះ ភ័យខ្លាចក្រុមតាលីបង់ធ្វើបាបចំពោះអ្វីដែលរូបលោកបានធ្វើសម្រាប់ក្រុមបាល់ទាត់ស្ត្រីនៅអាហ្វហ្កានីស្ថាន។
ប្រធានក្លិប Football Delhi បន្ថែមថា លោកបានទាក់ទាញទៅក្រសួងការបរទេសឥណ្ឌា ប៉ុន្តែរហូតមកដល់ពេលនេះមិនមានប្រតិកម្មអ្វីឡើយ។ សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌា ក៏បានលើកឡើងជុំវិញករណីនេះថា ខ្លួនក៏មិនបានទទួលសំណើសុំជំនួយអ្វីដែរពីខាងមន្ត្រីកីឡាបាល់ទាត់អាហ្វហ្គានីស្ថាន។
សូមបញ្ជាក់ថា មន្រ្តីជាន់ខ្ពស់សហព័ន្ធកីឡាបាល់ទាត់អាហ្វហ្កានីស្ថាន (AFF) បាននិងកំពុងស្វែងរកសិទ្ធិជ្រកកោននៅប្រទេសឥណ្ឌាបន្ទាប់ពីក្រុមតាលីបង់ចូលគ្រប់គ្រងដល់ក្រុងកាប៊ុល។ មន្រ្តី AFF រូបនេះ ភ័យខ្លាចថាក្រុមតាលីបង់ដាក់ទណ្ឌកម្មខ្លួន និងគ្រួសារចំពោះការលើកស្ទួយក្រុមបាល់ទាត់ស្ត្រីនៅក្នុងប្រទេសកំពុងមានសង្គ្រាមនេះ។ ក្រុមតាលីបង់បានទទួលបានជ័យជម្នះលើកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថានទៅហើយ និងបានចូលកាន់កាប់ក្រុងកាប៊ុលផងដែរ។ ជាមួយគ្នានោះក្រុមតាលីបង់ ត្រូវបានគេដឹងថា ពួកគេនិងអនុវត្តគោលការណ៍សាសនាតឹងរ៉ឹងលើស្រ្តី និងក្មេងស្រីថែមទៀតផង៕