អាយអេសអាយពិតជាខ្វះសំណាងក្នុងជំនួបត្បូងឃ្មុំ
អាយអេសអាយដង្កោសែនជ័យបានបរាជ័យក្នុងឈានទៅក្រសោបតំណែងជើងឯក Cambodian League 2 រដូវកាល ២០២១ ដោយចាញ់ត្បូងឃ្មុំ ២ទល់១ ក្នុងថ្ងៃចុងក្រោយនៅថ្ងៃសៅរ៍ ទី២៥ ខែធ្នូ នៅទីលានមជ្ឈមណ្ឌលបាល់ទាត់ជាតិបាទី។
ក្នុងការប្រកួតនេះ គេមើលឃើញថា អេសអាយអេសពិតជាគ្រប់ដណ្ដប់ការប្រកួតយ៉ាងខ្លាំងទាំងការគ្រប់គ្រងបាល់ និងឱកាសស៊ុត ពោល possession ស្ទើរតែ៦៥ទល់នឹង៣៥ភាគរយទៅហើយ។ ផ្ទុយទៅវិញ ក្រុមមានមូលដ្ឋាននៅ KMH Park បានរបូត២គ្រាប់មុន ពីការវាយបកដោយត្បូងឃ្មុំ។ មួយគ្រាប់របស់អាយអេសអាយ កើតចេញពីបាល់ហ្វ្រីឃីកនាទី៩០+៤។
មុនការប្រកួតថ្ងៃចុងក្រោយ ចូលមកដល់ អាយអេសអាយ ដង្កោសែនជ័យ នាំមុខក្រុមយុវជនបាទី១ពិន្ទុ។ ជាអកុសល អាយអេសអាយបានចាញ់ត្បូងឃ្មុំ និងបាទីបានយកឈ្នះបន្ទាយមានជ័យ ១ទល់០ នៅថ្ងៃចុងក្រោយ។ ដូច្នេះ យុវជនបាទីក្លាយជាម្ចាស់ជើងឯក Cambodian League 2 រដូវកាល ២០២១។
សរុបចំណាត់ថ្នាក់ និងពានរង្វាន់ឯកត្តជន គឺ ៖
ក្រុមជើងឯក: ក្រុមយុវជនអាយុក្រោម១៨ឆ្នាំ នៃមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិ
ក្រុមចំណាត់ថ្នាក់លេខ ២ : ក្លិបបាល់ទាត់ អាយ អែស អាយ
ក្រុមចំណាត់ថ្នាក់លេខ ៣ : មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ
ក្រុម Fair Play : មន្ទីរ អ.យ.ក ខេត្តត្បូងឃ្មុំ
គ្រូបង្វឹកល្អជាងគេ: លោក Koji Gyotoku គ្រូបង្គោលយុវជនអាយុក្រោម ១៨ឆ្នាំ មជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិ
កីឡាករល្អជាងគេ: មីន សែតសេន ក្រុមត្បូងឃ្មុំ
កីឡាករចាំទីល្អជាងគេ : រ៉េត លីហេង មជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិ
គួររំឭកថា ការប្រកួតបាល់ទាត់ជើងឯកក្របខណ្ឌទី២ ឬ Cambodian League 2 ចាប់ផ្ដើមពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមាន៨ក្រុមចូលរួម៕