Moyes បង្ហើបបំណងយក Lingard ផ្ដាច់ពី Man UTD តែម្ដង
លោក David Moyes អ្នកចាត់ការ West Ham United បង្ហើបថា ប្រសិនការលេងរបស់ Jesse Lingard នៅតែល្អ លោកចង់ផ្ទេរយកខ្សែប្រយុទ្ធរូបនេះពី Manchester United ជាផ្លូវការតែម្ដង។
កីឡាករវ័យ២៨ឆ្នាំឆក់បានចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយទាត់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងការប្រកួតដំបូងឲ្យ West Ham កាលថ្ងៃពុធកន្លងទៅ។ គេត្រូវបានញញួរធំខ្ចីពី Manchester United ដល់ដាច់រដូវកាល។
លោក David Moyes ថ្លែងបែបនេះ “៖ខ្ញុំជឿជាក់ថា គេអាចទទួលបានការកោះហៅពីក្រុមជម្រើសជាតិសាជាថ្មី។ គាត់មិននៅក្មេងទៀតទេ គឺកំពុងស្ថិតក្នុងវ័យដ៏លេចធ្លោមួយហើយ។ គេស្ថិតក្នុងវ័យដែលចង់លេង ចង់នៅលើទីលាន។ យើងមិនបោះបង់បុគ្គលបែបនេះទេ យើងរីករាយជាមួយគេ។”
រដូវកាលនេះ Lingard មិនបានចូលលេងសោះនៅ Man UTD នៅ Premier League ដោយបង្ហាញខ្លួនតែ FA Cup មួយលើក និង League Cup ២ដង។ គេសម្រេចចិត្តចូលរួមជាមួយ West Ham ស្របពេល West Brom និង Newcastle United ចង់ខ្ចីដែរ។
លោក Ole Gunnar Solskjaer អ្នកចាត់ការ Manchester United រំឭកដែរថា ប្រសិនបើ Lingard នៅតែខិតខំប្រឹងប្រែង គេនៅតែមានអនាគតនៅ Old Trafford៕