ចាញ់ Man City ភ្លាម Roy Keane ថា Liverpool ត្រូវចាំ៣០ឆ្នាំទៀតទើបឈ្នះជើងឯក
អតីតប្រធានក្រុម Manchester United លោក Roy Keane គិតថា Liverpool ប្រហែលត្រូវរង់ចាំ៣០ឆ្នាំទៅមុខទៀតហើយទើបអាចឈ្នះជើងឯក Premier League សាជាថ្មី។
អ្នកវិភាគខាងលើថ្លែងបែបនេះក្រោយក្រុមហង្សក្រហមចាញ់មេឃខៀវក្នុងដីខ្លួនឯងដោយលទ្ធផល១ទល់នឹង៤ ការប្រកួតក្របខណ្ឌកំពូលអង់គ្លេសនៅថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
អតីតខ្សែបម្រើជម្រើសជាតិអៀរឡង់លម្អិតបែបនេះ “៖អ្នកនៅតែនិយាយថា Liverpool នៅតែជាក្រុមដ៏ធំ។ ប្រសិនបើអ្នកជាក្រុមធំមែននោះ អ្នកប្រាកដជាអ្នកដោះស្រាយបញ្ហាបាន។ Klopp និយាយថា អ្នកចាំទីគាត់គ្រុនផ្ដាសាយ។ គាត់រកលេសបានទៀតហើយ។ អាហ្នឹងវាជាទម្លាប់ទៅហើយ បើមិនអ៊ីចឹងទេ គេមិនមែនហៅ Liverpool ទេ។ ប្រសិនបើពួកគាត់នៅតែរកលេសបែបនេះ មើលទៅទាល់តែ៣០ឆ្នាំអីទៀតបានឈ្នះជើងឯកម្ដង។”
លោក Roy Keane សង្កត់ធ្ងន់ថា Manchester City ពិតជាស័ក្ដិសមសម្រាបជ័យជម្នះ ទោះមិនមានកីឡាករសំខាន់២រូប គឺ Kevin De Bruyne និង Sergio Aguero។ បែរទៅមើល Liverpool វិញមាន Mohamed Salah, Roberto Firmino និង Sadio Mane ទៅហើយ តែបានទទួលបរាជ័យ។
ឆ្លងកាត់ការប្រកួត២២លើក Man City បន្តឈរកំពូលតារាងមាន៥០ពិន្ទុ ខណៈ Liverpool នៅលេខ៤ មាន៤០ពិន្ទុ៕