គ្រូថៃប្លុកអ្នករិះគន់ខ្លួនអស់ជាង២០០អាខោន
ដោយសារតែមិនអាចឱបដៃទ្រាំទៅនឹងការរិះគន់ខ្លួនខ្លាំងៗពេក លោក Alexander Polking គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ បានសម្រេចចិត្តប្លុកជាង២០០អាខោនឯណោះ។
ការរិះគន់បានផ្ទុះខ្លាំងឡើង បន្ទាប់ពីការប្រកួតជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF Cup 2020 ដែលក្រុមរបស់លោកឈ្នះវៀតណាម ២ទល់នឹង០។
បើតាមសារព័ត៌មានវៀតណាម Zing មានមតិរិះគន់ជាច្រើន និងខ្លាំងៗថែមទៀតទៅលើលោក Polking ពាក់ព័ន្ធទៅនឹងសេចក្ដីសម្រេចរបស់អាជ្ញាកណ្ដាលដែលពួកអ្នករិះគន់នោះគិតថា លម្អៀងទៅលើភាគីថៃ។ យ៉ាងណា លោកមិនបានបញ្ជាក់ថា អ្នករិះគន់ទាំងនោះមានប្រភពពីណាទេ។
លទ្ធផល២ទល់នឹង០នេះហាក់ជាការមានប្រៀបមួយសម្រាប់ក្រុមជម្រើសជាតិថៃលើវៀតណាម។ ក្រុមទាំង២នឹងត្រូវប៉ះគ្នានៅម៉ោង៧និង៣០នាទីយប់ថ្ងៃអាទិត្យ ទី២៦ ខែធ្នូ នេះសម្រាប់ជើងទី២។
ក្រុមឈ្នះនឹងត្រូវប៉ះឥណ្ឌូនេស៊ីក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃទី២៩ ខែធ្នូ សម្រាប់ជើងទី១ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ សម្រាប់ជើងទី២៕