
រឿងរ៉ាវខ្លះនៃអាជីពបាល់ទាត់របស់ឈិន ឈឿន
ឈិន ឈឿន បានប្រកាសចូលនិវត្តន៍ពីអាជីពជាកីឡាករនៅថ្ងៃចន្ទ ទី១២ ខែធ្នូ នេះ។ តើកីឡាករមានកំណើតនៅខេត្តព្រៃវែងមានរឿងរ៉ាវបែបណាក្នុងអាជីពបាល់ទាត់របស់គេមុនឈានដល់ថ្ងៃព្យួរស្បែកជើងនេះ។
ដោយសារតែស្រលាញ់បាល់ទាត់ ឈិន ឈឿន បានផ្លាស់មករស់នៅភ្នំពេញ និងចូលរួមហ្វឹកហាត់នៅក្លិបយុវជន និងក្តីសង្ឃឹម នៅឆ្នាំ២០០២ ។ មើលឃើញពីការខិតខំប្រឹងប្រែហ្វឹកហាត់ និងមានបច្ចេកទេសល្អក្នុងការលេងបាល់ទាត់ លោកគ្រូជនជាតិជប៉ុន Teshima បានកោះហៅ ឈិន ឈឿន ចូលហ្វឹកហាត់ក្នុងជម្រើសជាតិដំបូងបំផុត នៅឆ្នាំ២០០៥ ក្នុងក្រុមអាយុក្រោម ១៣ឆ្នាំ ។
ដល់ឆ្នាំ ២០០៧ ឈិន ឈឿន ក៏នៅតែបន្តជាប់ជាជម្រើសជាតិបន្តទៀតជាយុវជនអាយុក្រោម១៦ឆ្នាំ លេងក្នុងព្រឹត្តិការណ៍ AFC Championship Qualify 2007 ។
ដោយការបង្ហាញខ្លួនអោយជម្រើសចេះតែល្អពីមួយប្រកួតទៅមួយប្រកួត ឈិន ឈឿន បានបន្តជាប់ជាជម្រើសជាតិគ្រប់កម្រិតរបស់ជម្រើសជាតិកម្ពុជា។ គេរកបានគ្រាប់បាល់បញ្ចូលទី៤គ្រាប់សម្រាប់ក្រុមធំជម្រើសជាតិ។
និយាយពីកម្រិតក្លិបវិញ ឈិន ឈឿន បានជាប់ក្រុមធំក្រសួងការពារជាតិក្នុងឆ្នាំ២០១០ និងរួមចំណែកឈ្នះពានសម្ដេចតេជោ ហ៊ុន សែន ៣ដង ក្នុងឆ្នាំ២០១០ ២០១៦ និង២០១៨។
កាល២០២០ ឈិន ឈឿន បានផ្លាស់ទៅព្រះខ័នរាជស្វាយរៀងមួយរដូវកាលដើម្បីឱកាសលេង AFC Cup និងបានវិលទៅស្តាតចាស់ក្នុងឆ្នាំ២០២១៕