Mourinho ថា Spurs ចាញ់ Everton ព្រោះលេងខ្ជិលៗ
អ្នកចាត់ការ Tottenham Hotspur លោក Jose Mourinho មិនពេញចិត្តនឹងរបៀបលេងពីកូនក្រុមរបស់លោកដែលបានធ្លោយចាញ់ Everton ០ទល់នឹង១ បើកឆាក Premier League ២០២០/២០២១ កាលថ្ងៃអាទិត្យ ១៣ ខែកញ្ញា ។
“៖ ប៉ះក្រុមខ្លាំងដូច Everton ប្រសិនបើបណ្ដោយឲ្យពួកគេលេងបាល់ ប្រាកដជាគ្រោះថ្នាក់ណាស់។ ពួកគេមានកីឡាករដែលមានបច្ចេកទេសច្រើន។ បើគ្មានការដាក់សម្ពាធអីទេ នោះ Everton ប្រាកដជាឆក់ឱកាសមិនខាន។” នេះជាការលើកឡើងរបស់លោក Jose Mourinho។
គ្រូបង្វឹកជនជាតិព័រទុយហ្គាល់សង្កត់ធ្ងន់បន្ថែម “៖កីឡាករ Spurs លេងខ្ជិលៗ។ នេះគឺជាលទ្ធផលនៃការមិនមានកាយសម្បទារឹងមាំមុនរដូវកាល។ កីឡាករជាច្រើនក៏មិនមានស្មារតីល្អបំផុតដែរ។”
គ្រាប់បាល់តែមួយគត់ពី Dominic Calvert-Lewin នៅវគ្គទីពីរ បានផ្ដល់៣ពិន្ទុពេញដល់ Everton ពី Tottenham ។ ការប្រកួតវគ្គទីមួយមិនអាក្រក់ណាស់ណាទេសម្រាប់ក្រុមមាន់ខ្នាយមាស តែចូលល់វគ្គទីពីរមើលទៅថមថយកម្លាំងច្រើន។
លោក Mourinho ក៏បានទទួលស្គាល់ការលេងមិនល្អនៅវគ្គទីពីរ។ បុរសវ័យ ៥៧ ឆ្នាំរូបនេះបានបន្តថា កីឡាករជាច្រើនមិនមានការរៀបចំល្អបំផុតទេសម្រាប់ការប្រកួតនេះ។ ពួកគេមានកង្វះភាពរឹងមាំ និងខ្សោយគុណភាព។
ការប្រកួតបន្ទាប់របស់ Tottenham នៅ Premier League ត្រូវជួប Southampton នាថ្ងៃទី ២០ ខែកញ្ញា។ ៣ ថ្ងៃមុននោះ ពួកគេនឹងត្រូវប៉ះ Lokomotiv Plovdiv នៅ Europa League៕