
PSG បានកាតក្រហម៣នាក់បូកទាំង Neymar ខណៈ Marseille កាតក្រហមពីរនាក់
ក្នុងការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលបារាំងសប្ដាហ៍ទីពីរ រដូវកាល២០២០/២០២១ នៅថ្ងៃអាទិត្យ ទី១៣ ខែកញ្ញា ដែល Paris Saint Germain បន្តបរាជ័យ ពោលចាញ់ Marseille ០ទល់នឹង១ ក៏បានបង្កភាពតានតឹងយ៉ាងខ្លាំងដែរ។
Florian Thauvin ជាអ្នករកគ្រាប់បាល់បញ្ចូលទីសម្រាប់ក្រុមភ្ញៀវ Marseille នៅនាទី៣១ ធ្វើឲ្យ PSG ទទួលបរាជ័យពីរប្រកួតដំបូងបើករដូវកាលថ្មីជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៨៤-១៩៨៥។
ការប្រកួតបានបន្តរហូតដល់ម៉ោងបន្ថែមទៅហើយ ស្រាប់តែមានការប៉ះទង្គិចរហូតដល់ប្រើដៃប្រើជើង ហើយអាជ្ញាកណ្ដាលក៏សម្រេចបណ្ដេញ Leandro Paredes និង Layvin Kurzawa របស់ PSG និង Jordan Amavi និ Dario Benedetto របស់ Marseille នៅនាទី៩០+៧។ ពីរនាទីក្រោយមក Neymar ក៏បានកាតក្រហមម្នាក់ទៀត ក្រោយអាជ្ញាកណ្ដាលពិនិត្យ VAR ឃើញថា កីឡាករប្រេស៊ីលរូបនេះបានយកដៃទះក្បាលខ្សែការពារ Alvaro របស់ Marseille។ ក្នុងសន្និសីទក្រោយប្រកួត Neymar អះអាងថា គេមិនបានទះក្បាល Alvaro ឡើយ។
គួរដឹងដែរថា នេះជាបរាជ័យបើកឆាកពីរប្រកួតដំបូងជាប់គ្នារបស់ PSG បន្ទាប់ពីចាញ់ Lens នៅសប្ដាហ៍ទីមួយ៕