គ្រូបឹងកេត បង្ហើបចំណុចពិសេសរបស់ទ័ពមុនប៉ះគ្នាថ្ងៃនេះ
“ចំណុចពិសេសរបស់ទ័ព គឺធ្វើការជាក្រុមបានល្អ, ការពារជាក្រុមបានល្អ និងវាយបកបានលឿន។” នេះជាការលើកឡើងរបស់លោក គីម ភក្ដី គ្រូបង្គោលបឹងកេត មុនប៉ះគ្នាជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅថ្ងៃសៅរ៍ ទី១២ ខែមីនា លើទឹកដីខ្លួន។
លោក គីម ភក្ដី មើលឃើញថា ទ័ពមានកីឡាករក្មេងៗ និងកីឡាករបរទេសល្អ ហើយក៏មានការប្រែប្រួលជាងរដូវកាលមុន។ ដូច្នេះលោកគិតថា ទ័ពគឺជាក្រុមដ៏ខ្លាំងនៅរដូវកាល២០២២នេះ។
ចំពោះចំណុចខ្វះខាតរបស់ទ័ពវិញ លោក គីម ភក្ដី បញ្ជាក់ថា មិនអាចបង្ហាញបានទេ តែលោកនឹងរៀបចំយុទ្ធសាស្ត្រដ៏ល្អមួយដើម្បីវាយលុក។
ឆ្លងកាត់ការប្រកួត១លើកដូចគ្នាក្នុងក្របខណ្ឌ Cambodian Premier League បឹងកេតមាន៣ពិន្ទុ ដោយឈ្នះណាហ្គាវើលដ៍៣ទល់នឹង១ ខណៈកងយោធពលខេមរភូមិន្ទ ស្មើក្រុមការពារជើងឯកភ្នំពេញក្រោន ០ទល់នឹង០៕