អង្គរថាយហ្គឺរខ្ចីបានកីឡាករឆ្នើមម្នាក់ពីភ្នំពេញក្រោន
ពិតជាគួរឲ្យភ្ញាក់ផ្អើលក្នុងទីផ្សារដោះដូរកីឡាករក្នុងស្រុកនៅថ្ងៃចន្ទ ទី២៤ ខែមករា ឆ្នាំ២០២២ នេះ ដោយអង្គរថាយហ្គឺរបានប្រកាសនាំចូលខ្សែបម្រើប្រយុទ្ធ ម៉ៅ ពិសិដ្ឋ ពីភ្នំពេញក្រោន លើកិច្ចសន្យាខ្ចី១រដូវកាល។
អ្នកទស្សនាជាច្រើនប្រាកដជាដឹងពីសមត្ថភាពដ៏ល្អរបស់ពិសិដ្ឋ ហើយគេក៏ជាគ្រាប់ពូជដុះចេញពីថ្នាលរបស់ភ្នំពេញក្រោនដោយផ្ទាល់។ ដូច្នេះវាពិតជារឿងដ៏ភ្ញាក់ផ្អើលមួយសម្រាប់អ្នកគាំទ្រក្រុមជើងឯកលីគកំពូលកម្ពុជា ២០២១។
គួររំឭកថា ម៉ៅ ពិសិដ្ឋ បានជាប់ក្រុមថ្នាលភ្នំពេញក្រោន ឆ្នាំ២០១២ និងចូលក្រុមធំឆ្នាំ២០១៦។ គេក៏ធ្លាប់ជាប់ជម្រើសជាតិ U13, U16 U19 និងចុងក្រោយទៅស៊ីហ្គេម២០១៩ដែលកម្ពុជាបានចំណាត់ថ្នាក់លេខ៤។
ការខ្ចីម៉ៅ ពិសិដ្ឋ កើតឡើងបន្ទាប់ពីសឿត បារាំង ដែលអង្គរថាយហ្គឺរ បានខ្ចីមួយរដូវកាលនោះវិលទៅភ្នំពេញក្រោនវិញ៕