សហរដ្ឋអាមេរិកបានធ្វើបត្យាប័ន Jhon Viafara អតីតកីឡាករ Southampton ពីបទចោទប្រកាន់ការរត់ពន្ធកូកាអ៊ីន
(BC-99)
Jhon Viafara ដែលធ្លាប់បានបង្ហាញខ្លួនអោយក្រុម Southampton ចំនួន ៧៦ ប្រកួតនិងស៊ុតបញ្ចូលទីបាន ៥ គ្រាប់ក្នុងអំឡុងរដូវកាល ២០០៦ ដល់ ២០០៨ ត្រូវបានចាប់បញ្ជូនពី កូឡំប៊ី ទៅកាន់ សហរដ្ឋអាមេរិច ពីបទចោទប្រកាន់ការរត់ពន្ធកូកាអ៊ីនចំនួន២តោន។
Viafara ត្រូវបានប៉ូលីសកូឡំប៊ីចាប់ខ្លួនអស់រយៈពេល ១០ ខែមកហើយពោលគឺតាំងពីខែ មិនា ឆ្នាំមុនមកម្លេះគឺទើបតែពីម្សិលម៉ិញនេះទេដែលប៉ូលីស កូឡំប៊ី បានបញ្ជូនរូបគេតាមយន្តហោះពិសេសមួយទៅកាន់ សហរដ្ឋអាមេរិច ក្រោមកិច្ចសហការណ៍ធ្វើបត្យាប័នរវាងប្រទេសទាំងពីរ។
អាជ្ញាធរសហរដ្ឋអាមេរិកបានចោទប្រកាន់គាត់ថាគាត់គឺជាឈ្មួញដែលបានរត់ពន្ធគ្រឿងញៀនពីប្រទេស កូឡំប៊ី ទៅកាន់ប្រទេសរបស់ខ្លួនថែមទាំងបណ្តាប្រទេសមួយចំនួនទៀតនៅ អាមេរិក កណ្តាល។
អតីតខ្សែបម្រើរដែលមានរហស្សនាម El Futbalista បានប្រាប់អ្នកសារព័ត៌មានទាំងដៃជាប់ខ្នោះមុនពេលឡើងជិះយន្តហោះទៅកាន់ សហរដ្ឋអាមេរិច ដែលជាទីកាត់ក្តីគាត់ថា “ ខ្ញុំធ្លាប់ស្នាក់នៅក្នុងបន្ទប់តែមួយជាមួយ Messi ប៉ុន្តែពេលនេះខ្ញុំត្រូវស្នាក់នៅក្នុងបន្ទប់របស់ប្រទេសដែលកំពុងធ្វើសង្គ្រាមនៅក្នុងប្រទេសរបស់ខ្ញុំ” ។
គួរបញ្ជាក់ដែរថា Viafara ដែលធ្លាប់ជាកីឡាកររបស់ Portsmouth នៅឆ្នាំ ២០០៥ និងចូលរួមប្រកួតបានចំនួន ៣៤ ដងផងនោះអាចប្រឈមមុខនិងការកាត់ទោសមួយជីវិតឬក៏ធ្ងន់ជាងនេះគឺត្រូវប្រហារជីវិតទៅតាមច្បាប់សហព័ន្ធស្តីពីការនាំចូលគ្រឿងញៀន។