ថ្ងៃនេះ អ៊ុំ សេរីរ័ត្ន សម្រេចចិត្តវះកាត់របួសជង្គង់ជាលើកទី២
នៅថ្ងៃនេះ អ៊ុំ សេរីរ័ត្ន ដែលជាអ្នកចាំទីរបស់ក្លឹបបាល់ទាត់កងយោធពលខេមរភូមិន្ទ បានសម្រេចចិត្តវះកាត់របួសជង្គង់ និងសរសៃពួរបស់គេជាលើកទី២ នៅមន្ទីរពេទ្យមួយក្នុងប្រទេស បន្ទាប់ពីខកខានចូលទីលានតាំងពីចុងឆ្នាំ ២០១៩ មក ។
អតីតអ្នកចាំទីក្រុមជម្រើសជាតិបាល់ទាត់កម្ពុជា បានបញ្ជាក់ថាមុនការប្រកួតថា ទោះបីខ្ញុំមានរបួសហ្វឹកហាត់មិនកើត ក៍ខ្ញុំមិនឃ្លាតឆ្ងាយពីបាល់ទាត់និងមិត្តរួមក្រុម របស់ខ្ញុំដែរ ហើយពិតខ្ញុំស្កោកស្ដាយមិនបានចូលរួមជួយក្រុមនៅជុំទី២នៃលីគកំពូលកម្ពុជា ដោយសារត្រូវវះកាត់ជង្គង់ជាលើកទី២ ជាចាំបាច់បំផុត។»
អ្នកចាំទីវ័យ២៦ឆ្នាំ ចាប់ផ្ដើមមានបញ្ហារបួសសរសៃ នៅក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាល ២០១៨ ហើយក៏បានចេញទៅព្យាបាលនៅប្រទេសវៀតណាម ដោយត្រូវសម្រាករយៈពេលជាង១០ខែ។ បន្ទាប់ពីជាសះស្បើយ គេបានចាប់ផ្តើមលេងវិញនាចុងឆ្នាំ ២០១៩ បន្ទាប់មកបានរងរបួសសសៃរពួជាថ្មី ។
អ៊ុំ សេរីរ័ត្ន ធ្លាប់ជាអតីតកីឡាករជម្រើសជាតិយុវជន និងឈុតធំផងដែរ។ បញ្ហារបួសជង្គង់ និងសរសៃពួរ៉ាំរ៉ៃរបស់គេ បានអូសបន្លាយអស់រយៈពេលជាង៤ឆ្នាំមកនេះ ដែលនៅតែបង្កការលំបាកមិនអាចហ្វឹកហាត់បានច្រើន និងចូលរួមប្រកួតបានឡើយ ទើបសម្រេចចិត្តវះកាត់ជាលើកទី២ ដើម្បីធានាអាចចូលទីលានបានវិញ ៕