
លោក រាម កុសល ក្រៅពីអាជីពមន្រ្តីចៅក្រមអាជ្ញាកណ្តាល គឺជាអ្នករកស៊ីដ៏ជំនាញមួយរូប
លោក រាម កុសល ដែលបច្ចុប្បន្នបម្រើការងារជាមន្ត្រីអាជ្ញាកណ្ដាលនិងចៅក្រមប្រចាំសង្វៀនស្ថានីយទូរទស្សន៍ស៊ីអិនស៊ី និង ស៊ីធីអិន បាននិយាយប្រាប់ MSR ថា៖ ការងារជាមន្រ្តីអាជ្ញាកណ្តាលមួយមុខគឺមិនអាចចិញ្ចឹមគ្រួសារបាននោះទេ ដោយសារតែបច្ចុប្បន្នរបស់របរប្រើប្រាស់មិនសមាមាត្រនឹងប្រាក់ខែរបស់លោក ម្លោះហើយក្រៅពីជំនាញជាមន្រ្តីអាជ្ញាកណ្តាល លោកក៏ព្យាយាមបង្កើតមុខរបរជាច្រើនទៀតដូចជា លក់ដែករបស់ក្រុមហ៊ុន ISI Steel លក់គ្រឿងសំណង់ មន្រ្តីប៉ូលិស និង បណ្តុះកូនស្វាយលក់។
គួរបញ្ជាក់ថា លោក រាម កុសល បានចាប់អាជីពប្រដាល់តាំងពីឆ្នាំ២០០៥ និងបានលាឈប់មកធ្វើជាមន្ត្រីអាជា្ញកណ្ដាលនិងចៅក្រមប្រចាំសង្វៀនទូរទស្សន៍ស៊ីអិនស៊ី និង ស៊ីធីអិននៅឆ្នាំ២០១៤ ។
ជាមួយគ្នានេះ លោក រាម កុសល បានរំលឹកពីអតីតកាលដែលលោកបានចូលប្រឡូកក្នុងអាជីពប្រដាល់ថា ពូជពង្សវង្សត្រកូលលោកមិនមែនជាអ្នកប្រដាល់ទេ ហើយក្នុងចំណោមបងប្អូនប្រុសស្រីលោក៧នាក់ មានតែរូបលោកម្នាក់ប៉ុណ្ណោះដែលជាអ្នកប្រដាល់ ។
លោកបញ្ចប់ការសិក្សានៅត្រឹមថ្នាក់ទី១២នៅវិទ្យាល័យឥន្ទ្រទេវីមកចាប់អាជីពជាអ្នកប្រដាល់ដោយសារតែមានចិត្តស្រឡាញ់តាំងពីតូចផងគួបផ្សំនឹងជីវភាពគ្រួសារជួបការលំបាកខ្លាំងផងទើបជំរុញឱ្យលោកហក់ចូលសង្វៀនប្រដាល់ដើម្បីរកប្រាក់ជួយគ្រួសារ តាមរយៈការសុំគេចូលហ្វឹកហាត់ប្រដាល់តាំងពីនៅរៀនថ្នាក់វិទ្យាល័យម្ល៉េះ៕