
ស៊យធំ! ចោរមួយរូបបែកមុខបែកមាត់ដោយសារចូលប្លន់ទូរសព្ទពីកីឡាការិនី MMA របស់ UFC
អាចថាជាថ្ងៃដែលសយបំផុតសម្រាប់ចោរមួយរូប ដោយរូបគេបានរងបែកមុខបែកមាត់ដោយសារតែកាន់កាំភ្លើងចូលប្លន់ទូរសព្ទពីកីឡាការិនី Polyana Viana ដែលជាអ្នកប្រដាល់គុនចម្រុះរបស់ UFC កំពុងរង់ចាំនៅក្រៅផ្ទះល្វែងរបស់នាងនៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។
កីឡាការិនីប្រេស៊ីលដែលប្រកួតនៅក្នុងប្រភេទទម្ងន់ strawweight រូបនេះបានដោះស្រាយបញ្ហាដោយផ្ទាល់ដៃ ដោយប្រើជំនាញផ្ទាល់ខ្លួនរបស់នាងដើម្បីវាយផ្ដួលបុរសនោះនិងចាប់ជាប់មិនឱ្យរើរួចរហូតប៉ូលិសមកដល់។ យ៉ាងណាក្តីក្រោយពីប៉ូលីសមកដល់កាំភ្លើងរបស់បុរសនោះគឺជាកាំភ្លើងក្រដាសតែប៉ុណ្ណោះដើម្បីធ្វើសកម្មភាពប្លន់។
សូមបញ្ជាក់ថា Viana វ័យ២៦ឆ្នាំ មានស្ថិតិប្រកួត MMA ឈ្នះ១០ដងចាញ់២ដង។ ការប្រកួតចុងក្រោយរបស់នាងបានចាញ់ពិន្ទុ JJ Aldrich នៅ UFC 227 ក្នុងខែសីហាឆ្នាំមុន៕