លោក អេ ភូថង ផ្តាំទៅកូនសិស្សកុំបិទទូរស័ព្ទ បន្ទាប់ពីក្លឹបត្រូវបិទផ្អាកជាបណ្តោះអាសន្ន
លោក អេ ភូថង ដែលជាម្ចាស់ក្លឹប អេភូថងកីឡា បានបញ្ជាក់ប្រាប់ក្រុមការងារ MSR SPORT ឲ្យដឹងថា៖ ចាប់ពីថ្ងៃចន្ទស្អែកនេះ ក្លឹបរបស់លោកផ្អាកប្រមូលផ្តុំកូនសិស្សហ្វឹកហាត់ ដោយសារតែចូលរួមការពារជំងឺរាតត្បាត Covid-19 និងដើម្បីចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺនេះផងដែរ។
ចំពោះកូនសិស្សដែលមិនមានឈ្មោះប្រកួតដណ្តើមពានរង្វាន់ ឬក៏ប្រកួតដណ្តើមខ្សែក្រវ៉ាត់ ពួកគេអាចត្រឡប់ទៅស្នាក់នៅជាមួយក្រុមគ្រួសារ ចំណែកឯអ្នកដែលមានឈ្មោះប្រកួតដណ្តើមពានរង្វាន់ រឺក៏ខ្សែក្រវ៉ាត់ ត្រូវរងចាំការផ្តល់ជូនដំណឹងពីម្ចាស់កម្មវិធីថា តើនៅដំណើរការប្រកួតបានទៀតរឺអត់។ ដូច្នេះក្លឹបអេភូថងកីឡា គឺជាក្លឹបទី៥ហើយ ដែលផ្អាកប្រមូលផ្តុំកីឡាករគុនខ្មែរជាបណ្តោះអាសន្ន បន្ទាប់ក្លឹបគោព្រៃគុនខ្មែរ ក្លឹបរ៉ាហាប់ស្វាប៉ាក ជំរើសជាតិថ្នាលគុនខ្មែរ ក្លឹបប៉ែនកាក់គុនខ្មែរ និងក្លឹបអេភូថង នាពេលនេះ។ ចំពោះការប្រមូលផ្តុំគ្នាហ្វឹកហាត់វិញ លោកនិងជូនសេចក្តីដំណឹងតាមពេលក្រោយ ហើយលោកក៏បានផ្តាំទៅកូនសិស្សរបស់លោកទាំងអស់ថា កុំបិទទូរស័ព្ទ ត្រូវបើកគ្រប់ពេលវេលាងាយស្រួលលោកទាក់ទងនិងផ្តល់ជូនដំណឹង៕