ធារ៉ា ជួបទុក្ខលំបាក ក្រោយគ្រូពេទ្យតំរូវអោយសម្រាកឡើងសង្វៀនយ៉ាងតិច៣ខែ
របួសបាក់ខ្ទង់ច្រមុះរបស់អ្នកប្រដាល់គុនខ្មែរ ធឿន ធារ៉ា ត្រូវការសម្រាកព្យាបាលរហូតដល់ទៅ៣ខែទើបអាចហាត់និងឡើងប្រកួតវិញបាន ខណៈអ្នកប្រដាល់ខេត្តព្រៃវែងរូបនេះកំពុងជួបការលំបាក ពីព្រោះការចំណាយផ្សេងៗគឺពឹងផ្អែកទៅលើអាជីពឡើងលើសង្វៀនតែមួយមុខ ។
ការបញ្ជាក់របស់ ធឿន ធារ៉ា ផ្ទាល់មកកាន់ MSR SPORT ថា រូបគេបានរបួសបាក់ខ្ទង់ច្រមុះត្រង់ចំនុចចំហៀងហើយពេលនេះបានធូរខ្លះនិងកំពុងសម្រាកនៅផ្ទះជួលរបស់គេ ការព្យាបាលធ្វើឡើងនៅមន្ទីរព្រះអង្គឌួងដោយមានការចូលរួមចំណាយរបស់សហព័ន្ធប្រដាល់គុនខ្មែរខ្លះដែលអាចជួយកាត់បន្ថយបន្ទុកការចំណាយបានមួយចំនួនដែរ ប៉ុន្តែនៅពេលវេលាយូរទៀតពោលគឺត្រូវសម្រាករហូតដល់៣ខែ ធ្វើអោយរូបគេពិបាកច្រើនដែរសម្រាប់ការចំណាយទៅលើផ្ទះជួលរួមទាំងរបស់ប្រើប្រាស់របស់កូនផងដែរ ។
គួរំលឹកផងដែរថា កូនសិស្សរបស់លោក អេ ភូថង រូបនេះបានរងរបួសក្នុងអំឡុងការប្រកួតជាមួយកីឡាករថៃ ម៉ាណាវថង ក្នុងទឹកទី៣បន្ទាប់ពីការព្យាយាមចូលវាយកែងហើយត្រូវកីឡាករថៃយកកែងរងទប់ក៏ត្រូវចម្រុះបណ្តាលអោយរបួសហើយគ្រូពេទ្យសម្រេចបញ្ឃប់តែម្តង ក្នុងការប្រកួតកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅកាន់ខេត្តបាត់ដំបង កាលពីថ្ងៃទី ១៥ ខែ កុម្ភៈ ២០២០ ៕