ព្រឿង សុជាតិ ប្រាប់មូលហេតុលាឈប់ពីសង្វៀនគុនខ្មែរ
ជារឿងគួរអោយភ្ញាក់ផ្អើលមួយសម្រាប់អ្នកស្នេហាវិស័យគុនខ្មែរដោយនៅថ្ងៃនេះអ្នកប្រដាល់គុនខ្មែរ ព្រឿង សុជាតិ បានប្រកាសជាសាធារណៈថារូបគេបានសម្រេចចិត្តលាឈប់ពីអាជីពគុនខ្មែរ ក្រោយបានប្រឡូកតាំងពីឆ្នាំ២០១៥មកនៅក្លិបប្រដាល់ក្រសួងការពារជាតិ ។
កូនសិស្សរបស់លោក ធន់ សុភា បានប្រាប់ MSR SPORT នៅថ្ងៃនេះថា រូបគេពិតជាលាឈប់ពីកីឡាករគុនខ្មែរប្រាកដមែន ដោយសារតែយល់ឃើញថាសមត្ថភាពរបស់ខ្លួនឯងមិនអាចបន្តទៅមុខទៀតបាន ខណៈតាមបណ្តាសង្វៀនផ្សេងៗក្នុងស្រុកហាក់បីមិនចាប់អារម្មណ៍ពីសមត្ថភាពរបស់ខ្លួនក្នុងមួយរយៈចុងក្រោយនេះ ទោះបីរូបគេប្រកួតខ្មែរនឹងខ្មែរមិនដែលសូវចាញ់និងប្រកួតអន្តរជាតិប៉ះថៃបីប្រកួតចុងក្រោយឈ្នះពីរនិងស្មើម្តង យ៉ាងណាក្តី ។ សុជាតិ បានបន្តថា ក្រោយជាពីរបួសដៃរូបគេប្រឹងប្រែងហ្វឹកហាត់និងប្រឹងប្រកួតយ៉ាងខ្លាំងក្នុងរយៈពេល៧ខែចុងក្រោយនេះ ហើយចាញ់ត្រឹមតែមួយប្រកួតក្នុងការដណ្តើមពានរង្វាន់នៅស្ថានីយ៍ទូរទស្សន៍លេខ ៥ ប៉ុណ្ណោះ ប៉ុន្តែនៅតែមិនមានការផ្តល់ឱកាសអោយប្រកួតអន្តរជាតិ ខណៈកីឡាករខ្លះរូបគេវាយឈ្នះបែរជាបានប្រកួតអន្តរជាតិញឹកទៅវិញ ។ បន្ថែមពីលើនេះ រូបគេបញ្ជាក់ថា ការឈប់នេះក៏ដើម្បីចង់រកមុខរបរណាមួយ សមរម្យដើម្បីត្រៀមមានគ្រួសារទៅថ្ងៃអានាគតផងដែរ ។
សូមបញ្ជាក់ថា ព្រឿង សុជាតិ បានចូលហ្វឹកហាត់គុនខ្មែរនៅចុងឆ្នាំ២០១៥ នៅក្លិបប្រដាល់ក្រសួងការពារជាតិដែលមានគ្រូបង្ហាត់លោក ធន់ សុភា ហើយរូបគេក៏ធ្លាប់ចេញទៅប្រកួតនៅទឹកដីប្រទេសថៃស្មើពិន្ទុជាមួយម្ចាស់ផ្ទះក្នុងកម្មវិធី Super Champ និងធ្លាប់មានបទពិសោធប្រកួតអន្តរជាតិជាច្រើនប្រកួតផងដែរក្នុងទឹកដីខ្មែរ ៕