ឡោ សំណាង ត្រៀមចូលសង្វៀនវិញ ដើម្បីប្រកួតយកថវិកាទិញម៉ូតូកង់បីឲ្យ ពេជ្រ អារុណ(មានវីដេអូហ្វឹកហាត់)
ទាំងនេះគឺជាទឹកចិត្តមួយកម្ររកបាន នៅពេលដែលឃើញមិត្តភ័ក្រកំពុងតែជួបការលំបាកហើយគ្មានសប្បុរសជនណាអាចជួយបំពេញបំណងរបស់ ពេជ្រ អារុណ ក្នុងការរកលុយទិញម៉ូតូកង់បីដើម្បីផ្គត់ផ្គង់ជីវភាព បានធ្វើឲ្យអតីតអ្នកប្រដាល់គុនខ្មែរ ឡោ សំណាង សម្រេចចិត្តចូលហ្វឹកហាត់គុនខ្មែរម្តងទៀត ដោយត្រៀមខ្លួនចូលរួមប្រកួតក្នុងកម្មវិធី Mas Fight ហើយថវិកាដែលទទួលបាន និងប្រមូលបានពីសប្បុរសជនទាំងអស់ និងយកទៅទិញម៉ូតូកង់បីជូន អតីតអ្នកប្រដាល់គុនខ្មែរ ពេជ្រ អារុណ នេះប្រសិនបើថវិកាគ្រប់។
គួររំលឹកថា ឡោ សំណាង បានព្យាយាមប្រកាសស្វែងរកសប្បុរសជនដើម្បីជួយជីវភាព ពេជ្រ អារុណ ដែលកំពុងតែជួបការលំបាកខ្លាំង រកព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ដោយក្នុងនោះ ពេជ្រ អារុណ បានសំណូមដល់សប្បុរសជនទាំងឡាយមេត្តាជួយដល់រូបគេអោយបានទិញម៉ូតូកង់បី ដើម្បីស្វែងរកថវិកាមកចិញ្ចឹមគ្រួសារ ហើយការជួយពីសំណាក់ពុកម៉ែបងប្អូនគឺនូវមិនទាន់គ្រប់នៅឡើយ ដូច្នេះហើយទើប ឡោ សំណាង សម្រេចចិត្តឡើងប្រកួតសារឡើងវិញដើម្បីយកលុយមកបន្ថែមជួយដល់ ពេជ្រ អារុណ។ ហើយការប្រកួតរបស់ ឡោ សំណាង ក្នុងកម្មវិធី Mas Fight មិនទាន់ដឹងច្បាស់នៅថ្ងៃណាពិតប្រាកដឡើយ ដោយរង់ចាំការប្រកាសពីសំណាក់ម្ចាស់កម្មវិធីផ្ទាល់នៅថ្ងៃខាងមុខ៕