Alexis Sanchez នឹងត្រឡប់មកកាន់ Manchester United វិញដើម្បីជម្រះមន្ទិលមិនល្អជាមួយក្លិបដែលមានពីពេលកន្លងមក
(BC-99)
លោក Ole Gunnar Solskjaer បានផ្តល់នូវការជឿជាក់និងឱកាសដល់ Alexis Sanchez អោយត្រឡប់មកបញ្ចេញសមត្ថភាពជាមួយក្លិប Man Utd វិញនៅរដូវក្តៅនេះ។
Sanchez ដែលបានចុះហត្ថលេខាផ្ទេរពីក្រុម កាំភ្លើងធំ Arsenal កាលពី ២ ឆ្នាំមុននោះត្រូវបានក្រុម បិសាចក្រហម ដាក់អោយក្រុម Inter Milan ខ្ចីជើងមួយរដូវកាល ក៏ប៉ុន្តែដោយសារបញ្ហារបួសកជើងទើបធ្វើអោយខ្សែប្រយុទ្ធសញ្ជាតិ ឈីលី រូបនេះបង្ហាញខ្លួនបានចំនួន ២១៤ នាទីប៉ុណ្ណោះនៅក្នុងប្រទេសអ៊ីតាលី។ នៅសល់រយៈពេល ២ ឆ្នាំទៀត កុងត្រា ៣០០.០០០ ផោនក្នុងមួយសប្តាហ៍របស់គេនៅទឹកដី Old Trafford ក៏នឹងត្រូវបញ្ចប់ផងដែរ ដូចនេះការវឹលមកកាន់ United ម្តងទៀតនេះត្រូវបានគេរំពឹងថានឹងអាចមានការចរចារពន្យាពេលបន្ថែមទៀតប្រសិនបើ Sanchez អាចជួយអោយក្រុមត្រឡប់មកកាន់ភាពល្អប្រសើរជាអចិន្ត្រៃយ៍វិញបាន។
ទន្ទឹមនេះដែរលោក Solskjaer ក៏បានបង្ហាញពីទំនុកចិត្តរបស់ខ្លួនដែរថា អ្នកគាំទ្រដែលធ្លាប់តែរិះគន់ Sanchez នាពេលកន្លងមកនឹងបានដឹងថាទង្វើរបស់ខ្លួនគឺពិតជាខុស។ Sanchez នឹងធ្វើអោយពួកគេមានការសោកស្តាយដែលធ្លាប់តែរិះគន់រូបគេមិនសំចៃមាត់។
ការត្រឡប់ពីការខ្ចីជើងនៅប្រទេស អ៊ីតាលី មកកាន់ Manchester United សារជាថ្មី បានធ្វើអោយអ្នកគាំទ្រអាចប៉ាន់ស្មានដឹងនូវបរាជ័យរបស់ក្លិបក្នុងការទិញយកកីឡាករដែលខ្លួនចង់បានទាំងអម្បាលម៉ាណ។ រីឯក្រុមប្រិយ៍មិត្តក្នុងចំនួនដ៏ធំរបស់ក្លិបមួយនេះក៏កំពុងតែមានគម្រោងធ្វើពហិការដើរចេញពីទីលានបាល់ទាត់នាថ្ងៃទី ១ កុម្ភៈ នេះដើម្បីបង្ហាញពីការមិនគាំទ្រម្ចាស់ភាគហ៊ុនក្លិបគឺបងប្អូនសេដ្ឋី អាមេរិចកាំង ត្រកូល Glazers ក៏ដូចជាការមិនពេញចិត្តចំពោះប្រធានប្រតិបត្តិរបស់ក្លិបគឺលោក Ed Woodward ដែរ។