ប្រធានក្លឹបភ្នំពេញក្រោន បានឧបត្ថម្ភប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ជាថវិកាចំនួន ៨០លានរៀល នាខេត្តព្រះសីហនុ
ប្រធានក្លឹបបាល់ទាត់ភ្នំពេញក្រោន និងជាអគ្គនាយកសណ្ឋាគារ KB Hotel លោកឧកញ៉ា ឬទ្ធី សំណាង ព្រមទាំងលោកជំទាវជាភរិយា បានចូលរួមឧបត្ថម្ភថវិកាចំនួន ៨០លានរៀល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ រីករាលដាលប្រជាពលរដ្ន នាខេត្តព្រះសីហនុ។
ការចូលរួមនេះក្នុងគោលបំណងដើម្បីសម្រាលការលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្តព្រះសីហនុផ្ទាល់ ក្នុងពេលដែលទឹកដីមាត់សមុទ្រនេះកំពុងទទួលរងការរាតត្បាតរបស់វីរុសកូវីដ១៩ ក្រោយពីមានករណីឆ្លងទៅលើជនបរទេសជាច្រើននាក់កាលពីពេលថ្មីនេះរួចមក។ ក្នុងឱកាសនេះដែរ លោកឧកញ៉ា ឬទ្ធី សំណាង និងលោកជំទាវក៏សូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់ៗរូបសូមរក្សាអនាម័យ និងអនុវត្តវិធីការពារដែលកំណត់ដោយស្ថាប័នជំនាញ ក៏ដូចជារួមគ្នាជាមួយរាជរដ្ឋាភិបាលដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ខណៈដែលពិភពលោកទាំងមូលកំពុងទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីវីរុសដ៏អាក្រក់នេះ។ លោកឧកញ៉ាក៏សូមជូនពរដល់ប្រជាជនខ្មែរនៅទូទាំងប្រទេសសូមប្រកបដោយសុខភាពល្អ សំណាងល្អ និងជៀសផុតពីគ្រោះភ័យទាំងពួង។
សូមបញ្ជាក់ថា នេះជាការចូលរួមចំណែកបន្ថែមទៀតបន្ទាប់ពីកាលពីសប្តាហ៍មុនឯកឧត្តមអ្នកឧកញ៉ា កុក អាន ស្ថាបនិកក្លឹបបាល់ទាត់ភ្នំពេញក្រោន និងលោកជំទាវព្រមទាំងក្រុមគ្រួសារក៏បានឧបត្ថម្ភចំនួន ១០មុឺនដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នេះដែរ៕