សែន រ៉ាដេត បង្ហើបថាធ្លាប់សន្លប់តែម្តងគត់ក្នុងអាជីពជាអ្នកប្រដាល់
អ្នកប្រដាល់សាច់សល្អកែង សែន រ៉ាដេត បង្ហើបថាក្នុងអាជីពឡើងសង្វៀនជិត១០០ដងរបស់គេកន្លងមក ធ្លាប់ស្គាល់បរាជ័យដោយសារសន្លប់របស់ដៃគូតែម្តងគត់ដែលធ្វើអោយគេចងចាំរហូតមកដល់បច្ចុប្បន្ននេះ ។ អ្នកប្រដាល់នៃក្លិប ប៉ែន កាក់ ដែលទើបវិលចូលសង្វៀនវិញបាន២ប្រកួត បន្ទាប់ពីសម្រាករយៈពេល៣ឆ្នាំបានរៀបរាប់ថា បទពិសោធចាញ់ដោយសន្លប់របស់គេកើតមានឡើងតែម្តង ប៉ុណ្ណោះដោយកាលនោះគេចាំបានថាជាការប្រកួតជាមួយកីឡាករថៃ នាទីក្រុងបាងកក គ្រាដែលរូបគេទៅហ្វឹកហាត់និងប្រកួតនៅទីនោះផ្ទាល់តែម្តង ។ កីឡាករដើមកំណើតខេត្តកោះកុង បានបន្តថា ក្នុងការប្រកួតនាពេលនោះ រូបគេត្រូវបានដៃគូទាត់មួយជើងចូលថ្គាមពេលដែលដួលមិនទាន់ដល់កម្រាលនៃសង្វៀនធ្វើអោយសន្លប់ធំក្រោកមិនរួច ។
នេះជាការសន្លប់របស់អ្នកប្រដាល់ទម្ងន់ស្រាលរូបនេះតែម្តងប៉ុណ្ណោះក្នុងការប្រកួតជាង៦០ប្រកួតកន្លងមក ហើយបច្ចុប្បន្នរូបគេកំពុងប្រឹងប្រែងហ្វឹកហាត់ពង្រឹងសមត្ថភាពឡើងវិញក្រោយមកចូលរួមជាមួយក្លិប ប៉ែន កាក់ គុនខ្មែរ ដោយប្រកួតបាន២ដង ឈ្នះពិន្ទុកីឡាករថៃម្តងនៅសង្វៀន CNC និងផ្តួលកីឡាករថៃអោយសន្លប់ក្នុងទឹកទី៥ នៅសង្វៀន PNN ។ សែន រ៉ាដេត ជាអ្នកប្រដាល់ខេត្តកុងកោះ ធ្លាប់ចេញទៅហ្វឹកហាត់និងប្រកួតនៅស្រុកថៃ នាខេត្ត រ៉ាក់យ៉ង និងទីក្រុង បាងកក ផងដែរ ៕