បឺត ខាំ និង សេន ប៊ុនថេន ប្រកាសបង្ហាត់មិនគិតលុយសម្រាប់អ្នកចង់ក្លាយជាអ្នកប្រដាល់ខ្លាំងពិតប្រាកដ
អតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះពីររូបគឺ បឺត ខាំ និង សេន ប៊ុនថេន បានប្រកាសជ្រើសរើសអ្នកដែលស្រលាញ់គុនខ្មែរចង់ក្លាយជាកីឡាករខ្លាំងនិងល្បីឈ្មោះពិតប្រាកដដើម្បីមកហ្វឹកហាត់ដោយមិនគិតលុយនាក្លិបថ្មីរបស់ពួកគាត់ដែលមានឈ្មោះថា រាជសីហ៍ មានរិទ្ធ ក្រសួងមហាផ្ទៃ ។
បឺត ខាំ បានបញ្ជាក់ថា ក្លិបដែលលោកកំពុងបង្ហាត់ជាមួយ សេន ប៊ុនថេន នេះមានកន្លែងស្នាក់នៅ និងការហូបចុក រួមទាំងមានឪកាសធ្វើ ការនៅទីនេះដែលមានប្រាក់ខែសមរម្យទៀតផង ។ អ្នកប្រដាល់ប្រើបច្ចេកទេសច្រើនជាងកម្លាំង រូបនេះបន្ថែមថា យើងកំពុងជ្រើសរើសអ្នកដែលស្រលាញ់និងចង់ហាត់គុនខ្មែរពិតប្រាដកដើម្បីក្លាយជាកីឡាករដែលខ្លាំងនិងល្បីឈ្មោះអាចប្រកួតក្នុងនិងក្រៅប្រទេសបាន អោយមកហ្វឹកហាត់ដោយមិនមានការបង់លុយអ្វីឡើយ ដោយសំខាន់អោយតែពួកគេអាចតស៊ូបានក្នុងការបង្ហាត់របស់ពួកយើងនិងវិន័យផ្សេងៗនៅក្នុងក្លិបបាន ។
ក្លិបប្រដាល់ រាជសីហ៍ មានរិទ្ធ ក្រសួងមហាផ្ទៃ ជាក្លិបប្រដាល់ទំនើបមានសម្ភារៈគ្រប់គ្រាន់ ដែលកំពុងបង្ហាត់សិស្សជាច្រើនរូប ហើយកំពុងដាក់លិខិតទៅសហព័ន្ធប្រដាល់គុនខ្មែរដើម្បីសុំឈ្មោះជាផ្លូវការដើម្បីអោយកីឡាករអាចចេញប្រកួតតាមសង្វៀនបាន ជាពិសេសក្លិបនេះមានគោលបំណងបង្ហាត់សិស្សអោយខ្លាំងទាំងការប្រកួតក្នុងស្រុកនិងក្រៅស្រុក ៕ លេខទំនាក់ទំនងរបស់ បឺត ខាំ 070883000/0318883000