Mbappe ចង់បានតែមិនរំពឹងថាបាន!
(BC-99)
តារាឆ្នើម Kylian Mbappe របស់ Paris Saint-Germain ចង់ឈ្នះពានរង្វាន់ Ballon d’Or ប៉ុន្តែរូបគេក៏មិនរំពឹងខ្ពស់ពេកនោះដែរ។
Mbappe ត្រូវបានគេចាត់ទុកថាជាកីឡាករឆ្នើមម្នាក់របស់ពិភពលោកនិងជាបុគ្គលដែលអាចឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពផ្សេងៗទៀតនាពេលអនាគត។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះពានរង្វាន់កីឡាបាល់ទាត់ឯកត្តជន Ballon d’Or ត្រូវបានកាន់កាប់ចំនួន១១សម័យកាលដោយមនុស្សតែ២នាក់គឺ Lionel Messi និង Cristiano Ronaldo តាំងពីឆ្នាំ ២០០៨ ។
Mbappe កីឡាករឆ្នើមរបស់បារាំងនិង PSG បាននិយាយថា Ballon d’Or ជាពានរង្វាន់ដែលគេប្រាថ្នាចង់បានប៉ុន្តែគេមិនរំពឹងថាឈ្នះវានៅពេលបច្ចុប្បន្ននេះទេ។ កីឡាកររូបនេះបានប្រាប់ The Mirror ថា“ វាពិតជាល្អណាស់ក្នុងការឈ្នះ Ballon d’Or ប៉ុន្តែវាមិនមែនជាអ្វីដែលធ្វើឱ្យខ្ញុំស្រមៃដល់ថ្នាក់ដេកយល់សប្តិទេ។ ខ្ញុំមិនរំពឹងថាត្រូវតែឈ្នះវានៅរដូវកាលក្រោយឬរដូវកាលបន្ទាប់ឡើយ។ សម្រាប់ខ្ញុំគឺគ្មានពេលវេលាកំណត់ទេ។ ខ្ញុំតែងតែដាក់ PSG និងក្រុមជម្រើសជាតិជាគោលដៅអាទិភាពរបស់ខ្ញុំ ដូច្នេះប្រសិនខ្ញុំជួយអោយក្រុមទាំងពីរឈ្នះពានរង្វាន់វាគឺជាកិត្តិយសដែលខ្ញុំចង់បានជាងអ្វីៗទាំងអស់” ។
សូមបញ្ជាក់ដែរថាឋិតក្នុងវ័យ ២១ ឆ្នាំ Mbappe បានឈ្នះពានរង្វាន់ Ligue 1 ៤ សម័យកាលជាមួយ PSG និងបានឈ្នះជើងឯក World Cup ជាមួយក្រុមជម្រើសជាតិបារាំងព្រមទាំងរង្វាន់កិត្តិយសផ្ទាល់ខ្លួនជាច្រើនទៀត ប៉ុន្តែគេមិនទាន់បានឈ្នះពានរង្វាន់ Champions League នៅឡើយទេ ។