ម្ចាស់មេដាយមាសតេក្វាន់ដូ ស៊ន សៀវម៉ី ភ្ជាប់ពាក្យនៅថ្ងៃនេះ
កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយមាសឡាអាស៊ីលើកទី១៧ នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូងបានរកឃើញគូអនាគតហើយដោយបានធ្វើពិធីភ្ជាប់ពាក្យនាថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២០ នាសង្កាត់គីឡូម៉ែត្រលេខ៩ រាជធានីភ្នំពេញ ។
តាមការបញ្ជាក់របស់លោកគ្រូ ស៊ន អេលីត ដែលជាបងប្រុសថា កូនប្រុសមានឈ្មោះថា កែវ ដេវិត ជាអ្នកជំនាញខាងថតរូបក្នុងកម្មវិធីធំ និង Pre-wedding ជាដើម ខណៈគម្រោងរៀងការនឹងកំណត់នៅពេលស្ថានភាពជំងឺកូវីដ១៩ ស្ងាត់លែងមានក្នុងប្រទេសកម្ពុជា ។
សូមបញ្ជាក់ថា កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ជាអ្នកកែប្រែប្រវត្តិសាស្ត្រកីឡាកម្ពុជាចាប់តាំងពី៤៤ឆ្នាំ ដោយបានឈ្នះមេដាយមាសនៅក្នុងការប្រកួតកីឡាអាស៊ីលើកទី១៧ នៅទីក្រុង Incheon ប្រទេសកូរ៉េខាងត្បូង កាលពីឆ្នាំ ២០១៤ និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ៣ សម័យផងដែរ ៕