អតីតកីឡាករបាល់ទះជម្រើសជាតិ សោម ចំណាប់ រំឭកប្រវត្តិតស៊ូយ៉ាងលំបាក
អតីតកីឡាករជម្រើសជាតិបាល់ទះ លោក សោម ចំណាប់ បានរំលឹកពីអតីតកាលតស៊ូថា កាលពីផ្តើមហ្វឹកហាត់បាល់ទះអាជីពដំបូង លោកមិនមានអ្វីជាមធ្យោបាយធ្វើដំណើរនោះទេ ដោយរូបលោកត្រូវដើរ និង រត់ពីផ្ទះទៅកន្លែងហ្វឹកហាត់ជារៀងរាល់ថ្ងៃ ដោយថ្ងៃខ្លះត្រូវរត់ទៅពហុកីឡដ្ឋានជាតិ ថ្ងៃកីឡដ្ឋានស្តាតចាស់ ដើម្បីហ្វឹកហាត់ ។ លោកបន្តថា ការតស៊ូនេះ គឺដោយសារតែចិត្តស្រលាញ់ និង ចង់ក្លាយជាកីឡាករអាជីពដ៏ល្អម្នាក់ផងដែរ ។
លោក សោម ចំណាប់ រំឭកបែបនេះ “៖ ហាត់ដំបូង ខ្ញុំមានការលំបាកច្រើន ដោយសារចិត្តយើងស្រលាញ់ យើងចង់ចេះចង់ខ្លាំង ចង់ពូកែក្នុងបាល់ទះហ្នឹង ខ្ញុំពិបាកខ្លាំងដោយសារជីវភាពយើងពីមុន ថាទៅយើងនៅខ្វះខាត ដោយសារការខ្វះខាតហ្នឹងជំរុញឲ្យខ្ញុំខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីចាប់យកអាជីពហ្នឹងមួយ ដើម្បីអោយខ្លួនបានល្អមានការងារធ្វើ ហើយជំរុញអោយអនាគតបានល្អដែរ ។ ឆ្លងកាត់ឧបសគ្គដែរ ដោយសារតែកាលពីមុនហ្នឹង ចេញពីផ្ទះយើងទៅហ្វឹកហាត់ យើងអត់មានអីជិះទៅហាត់ទេ គឺពីព្រលឹមឡើងហ្នឹង យើងត្រូវរត់ទៅ ហើយរត់ទៅទីលានយើងឆ្ងាយៗ ដោយសារផ្ទះខ្ញុំនៅម្តុំផ្សារថ្មី ដល់ពេលចឹងខ្ញុំត្រូវរត់ទៅ រត់ទៅដល់ក្រសួង ជួនកាលថ្ងៃខ្លះកម្មវិធីហ្វឹកហាត់នៅស្តាតអូឡាំពិក ខ្ញុំត្រូវរត់ទៅស្តាតអូឡាំពិក ថ្ងៃខ្លះកម្មវិធីហ្វឹកហាត់នៅស្តាតចាស់ ខ្ញុំត្រូវរត់ទៅស្តាតចាស់ អីចឹងការហ្វឹកហាត់យើងប្តូរទីលាន អីចឹងយើងពិបាកដែរ អីចឹងទៅដោយសារចិត្តយើងចង់ យើងត្រូវពុះពាររហូត ដោយសារយើងចង់ហាត់ ទោះបីដល់កន្លែងណាក៏ត្រូវទៅដែរ។”
គ្រូជម្រើសជាតិបាល់ទះឆ្នេរខ្សាច់រូបនេះបន្តថា ដោយសារតែការខិតខំតស៊ូតាំងពីអតីតកាល បានធ្វើឲ្យខ្លួនមានឱកាសលេងបាល់ទះតំណាងជាតិ និង ធ្លាប់ឈ្នះមេដាយសំរិទ្ធក្នុងព្រឹត្តការណ៍ស៊ីហ្គេម ។ បច្ចុប្បន្ន រូបលោកទទួលបានផ្លែផ្កាច្រើនតាមរយៈបាល់ទះនេះ ដោយមានងារក្នុងក្របខណ្ឌជាមន្ត្រីនគបាល និង ធ្លាប់ជាគ្រូជម្រើសជាតិបាល់ទះឆ្នេរខ្សាច់ផងដែរ ។
លោក សោម ចំណាប់ ផ្តើមលេងបាល់ទះអាជីពដំបូងនៅក្លិបស្នងការនគបាលរាជធានីភ្នំពេញក្នុងឆ្នាំ២០០១ មុនផ្លាស់ទៅក្រសួងមហាផ្ទៃ និង ធ្លាប់ជួយក្លិបបាល់ទះក្រសួងមហាផ្ទៃ ឈ្នះពានក្នុងស្រុកជាច្រើន។ ក្នុងក្រុមជម្រើសជាតិ លោកធ្លាប់ជាប់ទាំងក្រុមជំរើសជាតិបាល់ទះក្នុងសាល និង ឆ្នេរខ្សាច់ ហើយចំពោះសមទ្ធិផលដែលទទួលបាននោះ គឺធ្លាប់ជួយក្រុមបាល់ទះឆ្នេរខ្សាច់កម្ពុជាឈ្នះមេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០០៧នៅប្រទេសថៃ៕