
កីឡា១២ប្រភេទនឹងចេញទៅហាត់នៅចិនថ្ងៃទី១៥ ខែកញ្ញា
កីឡាចំនួន ១២ប្រភេទរបស់កម្ពុជា នឹងចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេលយូរនៅពាក់កណ្ដាលខែកញ្ញានេះ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។
ការចាកចេញរបស់ក្រុមអត្តពលិកកម្ពុជាទាំង ១២ប្រភេទកីឡា ស្មើនឹងប្រតិភូ ១៦១នាក់ គឺនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមជំនួយឥតសំណងពីសំណាក់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន លើការហ្វឹកហាត់របស់កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា។
កីឡាសរុបចំនួន ១២ប្រភេទដែលត្រូវចេញទៅហ្វឹកហាត់នៅប្រទេសចិនរួមមាន ប្រតិភូដឹកនាំ ២នាក់, កាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០នាក់), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងបាល់ទះ (១៥នាក់)៕