
កីឡាករបាល់បោះជប៉ុន៤នាក់ត្រូវបញ្ជូនពីព្រឹត្តិការណ៍ Asian Game ត្រលប់ទៅផ្ទះវិញក្រោយផ្ទុះរឿងអាស្រូវផ្លូវភេទ
កីឡាករបាល់បោះជប៉ុន៤នាក់ត្រូវបានបញ្ជូនឲ្យត្រលប់ទៅផ្ទះវិញពីព្រឹត្តិការណ៍ Asian Game ឆ្នាំ២០១៨ក្រោយពួកគេបានចំណាយប្រាក់ស្វែងរកសេវាផ្លូវភេទដោយយកនារីទៅកាន់សណ្ឋាគារ។
កីឡាករទាំង៤បានទៅរកបរិភោគអាហារពេលល្ងាចនៅឯទីក្រុងចាកាតា ប្រទេសឥណ្ឌូណេស៊ីដោយពាក់ឯកសណ្ឋានក្រុមជប៉ុន បន្ទាប់មកក៏បានទៅតំបន់ភ្លើងក្រហម។ ពួកគេបានស្គាល់តំបន់នោះតាមរយៈប្រជាជនដែលចេះនិយាយភាសាជប៉ុននៅក្នុងទីក្រុងចាកាតា។
កីឡាករទាំង៤បានចំណាយពេលប៉ុន្មានម៉ោងក្នុងបារមួយកន្លែង មុនពេលឡើងសណ្ឋាគារជាមួយនារី៤នាក់ និងស្នាក់នៅរហូតដល់ព្រឹកថ្ងៃសុក្រ។ នេះបើយោងតាមការបញ្ជាក់របស់កីឡាករទាំងនោះមានឈ្មោះ Takuya Hashimoto, Keita Imamura, Yuya Nagayoshi និង Takuma Sato។
ក្រោយពីដឹងរឿងនេះគណៈកម្មាធិការអូឡាំពិកជប៉ុនបានបញ្ជូនកីឡាករទាំង៤មកផ្ទះវិញ ព្រមទាំងសុំទោសពីទង្វើខុសឆ្គងទាំងនេះផងដែរ។ គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលជប៉ុន ធ្វើការបញ្ជូនអត្តពលិករបស់ខ្លួន ឲ្យត្រឡប់ទៅកាន់ស្រុកកំណើតមុនកាលកំណត់ ពីព្រឹត្តិការណ៍ Asian Games ។ ដោយកាលពីឆ្នាំ២០១៤ ជប៉ុន ក៏បានធ្វើដូច្នេះចំពោះកីឡាករហែលទឹករបស់ខ្លួនម្នាក់ ដែលបានលួចកាមេរ៉ារបស់អ្នកសារព័ត៌មាន៕