Trump ព្រមានបញ្ឈប់កីឡាករ NFL មិនឲ្យលេងពេញមួយរដូវកាល បើមិនព្រមឈរគោរពភ្លេងជាតិ
ប្រធានាធិបតីអាមេរិកសំបូរបញ្ហា លោក Donald Trump ទើបបានប្រកាសនៅថ្ងៃទី ២១កក្កដាម្សិលមិញ រករឿងជាមួយក្រុមកីឡាករបាល់បោះ ដែលជាក្រុមធំ និងពេញនិយមបំផុតនៅសហរដ្ឋអាមេរិក «NFL»។ លោក Trump ចង់ហាមមិនឲ្យកំពូលតារាបាល់បោះ NFL លេងគ្រប់ការប្រកួតពេញមួយរដូវកាល ព្រមទាំងមិនផ្តល់ប្រាក់បៀរវត្សឲ្យទៀត ប្រសិនបើពួកគេមិនឈរគោរពភ្លេងជាតិនោះទេ។
សរសេរក្នុងបណ្តាញ Twitter ផ្ទាល់ខ្លួន លោក Trump លើកឡើងថា ៖ «ការពិភាក្សាពីការគោរពភ្លេងជាតិ កំពុងតែធ្វើឡើង ហើយនឹងធ្វើឲ្យបានប្រសើរចំពោះ ក្រុម NFL។ វាជាកុងត្រាមួយ ដែលក្រុមកីឡាករទាំងអស់ ត្រូវតែឈរដោយយកចិត្តទុកដាក់ពេលគោរពភ្លេងជាតិ ហើយដាក់ដៃលើបេះដូង។ ប្រាក់កម្រៃ ៤០លានដុល្លាររបស់កីឡាករ គឺត្រូវតែសម្រាប់ការឈរគោរពភ្លេងជាតិដែរ។ ប្រសិនបើបន្ទន់ជង្គង់លើកទី១ ត្រូវដេញចេញពីការប្រកួត ហើយលើកទី ២ ឲ្យចេញពេញមួយរដូវកាល ហើយអត់ឲ្យលុយតែម្តង!»។
គួររម្លឹកជូនថា តាំងពីឆ្នាំ ២០១៦មក កីឡាករ NFL មួយចំនួន បានបដិសេធមិនឈរគោរពភ្លេងជាតិនោះទេ! នេះ គឺដើម្បីប្រឆាំងទៅនឹងភាពមិនស្មើរគ្នា និងការរើសអើងជាតិសាសន៍ទៅលើប្រជាជនស្បែកខ្មៅ នៅសហរដ្ឋអាមេរិក។ មិនត្រឹមតែកីឡាករនោះទេ សូម្បីតែអ្នកគាំទ្រ ក៏បានធ្វើពហិកាមិនគោរពទង់ជាតិផងដែរ។ តាំងពីលោក Trump បានឡើងកាន់អំណាច បញ្ហាការរើសអើសពណ៌សំបុរលើជនជាតិស្បែកខ្មៅ និងសូម្បីតែកីឡាករ NFL ដែលភាគច្រើនជាជនជាតិអាមេរិកស្បែកខ្មៅ កំពុងតែកើតឡើងយ៉ាងផុសផុល រហូតឈានដល់អំពើហិង្សា ស្លាប់មនុស្សទៀតផង៕
ប្រភព៖ the Sun